ព្រះចៅអធិការវត្តវត្តទួលទំពូង ប្រគេនទេយ្យទានដល់កាកបាទក្រហកម្ពុជា រួមចំណែកការងារមនុស្សធម៌
(ភ្នំពេញ)៖ ព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះចៅអធិការវត្តមណិរតនារាម (ហៅវត្តទួលទំពូង) នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានប្រគល់ទេយ្យទានដល់កាកបាទក្រហមកម្ពុជា និងអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ព្រមទាំងសង្កាត់ទាំង៦ ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ ។
ព្រះវិន័យវង្សា ស៊ា ប៊ុនណាត មានព្រះថេរដីកា កោតសរសើរនូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលតែងតែឃើញវត្តមុនគេពេលប្រជាពលរដ្ឋជួបការលំបាក ឬគ្រោះមហន្តរាយផ្សេងៗ ហើយគ្រឿងឧបភោគបរិភោគទាំងនេះ គឺជាទឹកព្រះទ័យបន្តិចបន្តួច ក្នុងការចូលរួមចំណែកការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា និងបន្តគាំទ្រនិងនៅជាមួយកាកបាទក្រហមកម្ពុជាជានិច្ច។
ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងអំណរព្រះគុណចំពោះទឹកព្រះទ័យមនុស្សធម៌របស់ព្រះអង្គ ដែលបានផ្តល់គ្រឿងឧបភោគបរិភោគទាំងនេះជូនកាកបាទក្រហមកម្ពុជា នេះជាការគាំទ្រនូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយអំណោយទាំងនេះ យើងខ្ញុំនឹងយកទៅដល់ដៃអ្នកដែលត្រូវការពិតប្រាកដ ។
សូមបញ្ជាក់ថា ៖ ទេយ្យទានទទួលបានរួមមាន អង្ករ ៤០បាវ ទឹកក្រូច ៩០កេស មី ៨០កេស ទឹកបរិសុទ្ធ ៩០កេស ទឹកដោះគោ ៤០០កំប៉ុង តែ ៤០០កញ្ចប់ ស្ករ ២០០គីឡូក្រាម និងបច្ច័យ ៨លានរៀល ៕






ដោយ / គ្រី សម្បត្តិ