ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គាំទ្រវិស័យអប់រំឯកជនជួយអភិវឌ្ឍប្រទេសជាតិទោះស្ថិតក្នុងតំលៃណាក៏ដោយ

រដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកទឹកចិត្តវិស័យអប់រំឯកជន ដើម្បីជួយកសាងធនធានមនុស្ស ដែលវាស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណដឹកនាំរបស់រាជរដ្ឋាភិបាលអណត្តិថ្មីនេះ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ស្ញប់ស្ញែងវិស័យអប់រំឯកជនថា បានជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាមិនចាញ់បរទេសឡើយ ដោយហេតុថាសាលារៀនឯកជនក៏បានជួយបណ្តុះបណ្តាលផ្នែកអាកាសចរណ៍ស៊ីវិលផងដែរក្រៅពីជំនាញជាក់ស្តែងដែលមានក្នុងប្រទេស។  យ៉ាងណាក៏ដោយ វត្តមានផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២,៨១៤អង្គ/នាក់ របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់ការកសាងធនធានមនុស្សនៅកម្ពុជា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លី ឆេងតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័ននានា ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួង-ស្ថាប័ន គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ    កណ្តាល ស.ស.យ.ក. ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និស្សិតជ័យលាភី និងមាតាបិតា អាណាព្យាបាលជាច្រើន។

ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ២,៨១៤អង្គ/នាក់ ក្នុងនោះ ថ្នាក់បណ្ឌិត ចំនួន ១០នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៧៥នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ១,៨៩៧នាក់ និងថ្នាក់បរិញ្ញាបត្ររង ចំនួន ៧៣២នាក់។ បច្ចុប្បន្ន សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ៖ ទីតាំងទី១-ទួលស្លែង, ទីតាំងទី២-ស្ពានអាកាសចោមចៅ (កន្លែងកំពុងប្រារព្ធពិធីប្រគល់សញ្ញាបត្រនាពេលនេះ) និង ទីតាំងទី៣-ទួលពង្រ (កំពុងសាងសង់)។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សា៥កម្រិតធំៗ៖  ១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន និងកុំព្យូរទ័រ, ២-ថ្នាក់បរិញ្ញាបត្ររង, ៣-ថ្នាក់បរិញ្ញាបត្រ, ៤-ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សា កម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)៖ ១-គ្រប់គ្រងពាណិជ្ជកម្ម, ២-ហិរញ្ញវត្ថុនិងធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍និងបដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍, ៩-វិស្វកម្ម, ១០-ស្ថាបត្យកម្ម, ១១-ទំនាក់ទំនងអន្តរជាតិ, ១២-អាកាសចរស៊ីវិល និង ១៣-ភាសាចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សា និង     សង្ឃឹមថាអ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះ ទទួលបានជោគជ័យក្នុងមាគ៌ាជីវិតជាបន្តបន្ទាប់ នាំកិត្តិយសម្រាប់ខ្លួនឯង កិតិ្តយសសម្រាប់គ្រួសារ និងផ្សារភ្ជាប់មាគ៌ាជីវិតរបស់ខ្លួនទៅលើសុខទុក្ខរបស់ប្រទេសជាតិ។ ឯកឧត្តមបន្តថា “និស្សិតទាំងអស់ត្រូវ អាចនឹងក្លាយជាកម្លាំងចលករជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយការបញ្ចប់ការសិក្សារបស់ខ្លូន គឺជា ឱកាសនៃការប្រកបអាជីព   វិជ្ជាជីវៈ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា។” 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងថា និស្សិតដែលទទួលសញ្ញាបត្រនាពេលនេះ ទាំងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សុទ្ធសឹងជាបញ្ញវ័ន្ត ប្រកបដោយបញ្ញាញាណ និងជាកម្លាំងស្នូល ពោរពេញដោយបច្ចេកទេស ជំនាញ មានចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ល្អប្រពៃ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ទៅចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ និស្សិតនៅទីនេះ មានក្តីស្រមៃ ក្តីសង្ឃឹម និងអនាគតដែលប៉ងប្រាថ្នា។ ដូចនេះ សូមបន្តបេសកកម្មរបស់ខ្លួន ដើម្បីសម្រេចជោគជ័យនោះមានន័យ ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមប្រគល់សញ្ញាបត្រជូនតំណាងនិស្សិតជ័យលាភី និងថតរូបអនុស្សាវរីយ៍ជាមួយ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ មាតាបិតា អាណាព្យាបាល និងនិស្សិតជ័យលាភី ព្រមទាំងអញ្ជើញទស្សនាបន្ទប់ហ្វឹកហាត់អាកាសយានិកប៊ែលធី (BELTEI Flight Academy)៕ ដោយ៖វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner