វៀតណាមកើបលុយជិត ៧ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ ក្នុងពេល៩ខែ
ហាណូយ ៖ វៀតណាមបាននាំចេញកាហ្វេ ចំនួន១លាន២៣ម៉ឺនតោន កើបលុយ ៦.៩៨ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៥ កើនឡើង ៦១ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress នៅថ្ងៃទី៣ ខែតុលា។
យោងតាមនាយកដ្ឋាននាំចូល-នាំចេញ បានឲ្យដឹងថា មូលហេតុនៃកំណើននេះ គឺដោយសារតែតម្លៃកាហ្វេពិភពលោកបានកើនឡើង ព្រោះតែការធ្លាក់ចុះប្រាក់ដុល្លារអាមេរិក ព្រមទាំង ការរំខានការផ្គត់ផ្គង់ ពីប្រទេសប្រេស៊ីល និង ឥណ្ឌូនេស៊ី បណ្តាលមកពីផលប៉ះពាល់ នៃគំរូអាកាសធាតុ El Niño។
រីឯ សមាគមកាហ្វេ និងកាកាវវៀតណាម បានឲ្យដឹងថា នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់ពន្ធ ៥០% លើទំនិញប្រេស៊ីល ជាហេតុធ្វើឲ្យកាហ្វេនាំចេញពីប្រទេសគ្របដណ្តប់ទីផ្សារដ៏សំខាន់មួយនេះ មានតម្លៃ កាន់តែថ្លៃ នៅអាមេរិក ដែលនេះបង្ហាញពីឱកាសដ៏សំខាន់ សម្រាប់កាហ្វេវៀតណាម ក្នុងការពង្រីកទីផ្សារ។
វៀតណាមក៏ស្ថិតក្នុងចំណោមប្រទេសនាំចេញកាហ្វេមួយចំនួន ដែលត្រៀមរួចជាស្រេច ដើម្បីបំពេញតាមស្តង់ដារថ្មី ដែលកំណត់ដោយបទប្បញ្ញត្តិ ស្តីពីការកាប់បំផ្លាញព្រៃឈើ របស់សហភាពអឺរ៉ុប ហើយនឹងត្រូវអនុវត្ត ចាប់ពីចុងឆ្នាំ២០២៦ តទៅ។
គ្រាប់កាហ្វេវៀតណាមដែលត្រូវបាននាំចេញច្រើនជាងគេ គឺ Robusta មានតម្លៃ ៤.៩ ពាន់លានដុល្លារ ក្នុងពេល ៩ខែមកនេះ។ គ្រាប់កាហ្វេ Robusta នៅលើផ្សារហ៊ុន ទីក្រុងឡុងដ៍ មានតម្លៃ ៤,២០០ ក្នុងមួយតោន ហើយ អារ៉ាប៊ីកា សម្រាប់ការចែកចាយ នៅទីក្រុងញូវយ៉ក គឺ ៨,២៥៨ដុល្លារ ក្នុងមួយតោន។ ក្រៅពីនេះ ក៏មានកាហ្វេកែច្នៃ និង គ្រាប់អារ៉ាប៊ីកា ផងដែរ។
យ៉ាងណាក៏ដោយ អ្នកនាំចេញបានចង្អុលបង្ហាញពីបញ្ហាប្រឈម រយៈពេលវែងមួយចំនួន ទាក់ទងនឹងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពរក្សាគុណភាពជាប់លាប់ និង ការកសាងម៉ាកយីហោ ជាតិ ជាដើម។ ពន្ធគយរបស់សហរដ្ឋអាមេរិកនឹងជាកត្តាសំខាន់ ក្នុងការរៀបចំទស្សនវិស័យសម្រាប់ការនាំចេញកាហ្វេរបស់វៀតណាម ឡើងវិញផងដែរ៕
ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត