ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ប្រែក្លាយលំនៅឋាននៅកម្ពុជា ឱ្យទៅជាទីកន្លែងសម្រាប់រស់នៅដែលមានជីវិត វប្បធម៌ វិទ្យាសាស្រ្ត វិចិត្រសិល្បៈ ប្រជាជនប្រកបដោយចំណេះដឹង
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងគិតគូរយកចិត្តទុកដាក់ខិតខំប្រឹងប្រែងប្រែក្លាយលំនៅឋាននៅក្នុងប្រទេសកម្ពុជា ឱ្យក្លាយជាទីកន្លែងសម្រាប់រស់នៅដែលមានជីវិត វប្បធម៌ វិទ្យាសាស្រ្ត វិចិត្រសិល្បៈ និងមានមនុស្សរស់នៅពោរពេញដោយចំណេះដឹង វាងវៃ ឆ្លាតវៃ មានសុខភាពល្អ ចេះជួយយកអាសារគ្នាទៅវិញទៅមក ក្នុងគោលដៅជំរុញឱ្យកម្ពុជាក្លាយជាប្រទេសដែលគ្រប់គ្នាមានបំណងប្រាថ្នាចង់មករស់នៅ ។

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីសមិទ្ធផលនិងទិសដៅការងារក្នុងវិស័យលំនៅឋាន ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាយ សំអាល់ បានលើកទឹកចិត្តដល់ក្រុមការងារយុវជនរបស់ក្រសួង ឱ្យបន្តកិច្ចការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ដែលមានសារ:សំខាន់សម្រាប់មន្ត្រី ដើម្បីឲ្យមានការយល់ដឹងបន្ថែមទៀត និងមានការឯកភាពគ្នា បើកចំហទទួលយកនូវគំនិតថ្មីៗ ក្នុងគោលដៅសំរេចបាននូវទិសដៅការងាររបស់ក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់នាយកដ្ឋានបុគ្គលិកអោយចូលរួមក្នុងកិច្ចការរៀបចំវគ្គបណ្ដុះបណ្ដាលនេះដែលជាយន្តការរួមមួយ ដើម្បីផ្តល់ការបណ្ដុះបណ្ដាលដល់មន្ត្រីក្នុងអគ្គនាយកដ្ឋានលំនៅឋាន ក្នុងគោលដៅទទួលបានការឯកភាពរួមគ្នា លើការអនុវត្តការងារឆ្លើយតបតាមចក្ខុវិស័យរបស់ក្រសួង ៕
ដោយ / គ្រី សម្បត្តិ



