ក្រសួងរៀបចំដែនដី ប្រជុំពិគ្រោះយោបល់ឆ្លងសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រស្ដីពីការកាត់បន្ថយគ្រោះហានិភ័យក្នុងវិស័យសំណង់

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាង”ផែនការយុទ្ធសាស្ត្រ ស្ដីពីការកាត់បន្ថយគ្រោះហានិភ័យក្នុងវិស័យសំណង់” នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីប្រមូលធាតុចូលបន្ថែមទៀតពីថ្នាក់ដឹកនាំក្រសួង ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ស្ដីពីការកាត់បន្ថយគ្រោះហានិភ័យក្នុងវិស័យសំណង់ មានលក្ខណៈត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ងាយស្រួលក្នុងការអនុវត្តជាក់ស្ដែង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ការសាងសង់សំណង់ឱ្យបានត្រឹមត្រូវ គឺត្រូវគិតគូរអំពីទីតាំង និងស្ថានភាពជាក់ស្ដែង ដោយត្រូវគិតគូរអំពីការទប់ទល់ទៅនឹងកម្ដៅ ភ្លៀង ខ្យល់ ការប្រែប្រួលអាកាសធាតុផ្សេងៗ ដែលអាចបង្ករជាហានិភ័យនានាដល់សំណង់ រក្សាបាននូវស្តង់ដារសុវត្ថិភាពនិងគុណភាពនៃសំណង់ ។

តាមរយៈកិច្ចប្រជុំនាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បាននិងកំពុងពិគ្រោះយោបល់ផ្ទៃក្នុង ដើម្បីគិតគូរថាតើគួររៀបចំជា National Building Code មួយតែម្តង ឬចេញដាច់ដោយឡែកនូវលិខិតបទដ្ឋានគតិយុត្តិ ក្រោមច្បាប់សំណង់ មានប្រកាស អនុក្រឹត្យ និងគោលការណ៍ណែនាំបច្ចេកទេសផ្សេងទៀតឬយ៉ាងណាដើម្បីឱ្យការគ្រប់គ្រងកិច្ចការសំណង់កាន់តែមានប្រសិទ្ធភាពនិងងាយស្រួលអនុវត្ត៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner