ខួបលើកទី ៣០ នៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត អ្នកចូលរួមអាចនឹងមានកំណើនច្រើនទ្វេដង

អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត អ្នកចូលរួមអាចនឹងមានកំណើនច្រើនទ្វេដង

(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ស្តីអំពី ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ដែលធ្វើឡើងនៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែង លើកឡើងថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ឆ្នាំ២០២៥ ដែលជាខួបគម្រប់ ៣០ឆ្នាំ អ្នកចូលរួមរត់ទាំងភ្ញៀវជាតិនិងអន្តរជាតិអាចនឹងកើនឡើងទ្វេដង។ខណៈការចុះឈ្មោះគិតត្រឹមថ្ងៃទី០៣ ខែ តុលា មានចំនួនជិត ១ម៉ឺននាក់បាត់ទៅហើយ។ ហើយព្រឹត្តិការណ៍មួយនេះ កាលពីឆ្នាំ២០២៤កន្លងទៅ ដោយមានវត្តមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចូលរួមជាលើកដំបូងមានអ្នកចូលរួមមានរហូតជាងម៉ឺននាក់ឯណោះ។

អគ្គលេខាធិការ NOCCខាងលើ បានរំលឹកទៀតថា ព្រឹត្តិការណ៍ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរខួបលើកទី៣០នេះ វត្តមាននាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត ចូលរួមរត់លើវិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រ ដោយឆ្នាំមុនសម្តេចរត់តែចម្ងាយ៥គីឡូម៉ែត្រប៉ុណ្ណោះ។

អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍រត់មួយនេះ គណៈកម្មការនឹងមានការរឹតបន្តឹងយន្តការដឹកនាំកាន់តែច្បាស់លាស់ ដើម្បីសុខសុវត្ថិភាព និងទំនុកចិត្តការចូលរួមរបស់ភ្ញៀវកាន់តែមានភាពកក់ក្តៅផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ក្នុងចំណោមភ្ញៀវចុះឈ្មោះចូលរួមជិត១ម៉ឺននាក់ ឃើញថា មានភ្ញៀវអន្តរជាតិមានចំនួន ២០០០នាក់បានចុះឈ្មោះបើទោះបីស្ថានភាពនៅព្រំដែនកំពុងមានបញ្ហានូវឡើយ។ ប៉ុន្តែបញ្ហាទាំងអស់នេះ មិនបានធ្វើឱ្យភ្ញៀវអន្តរជាតិមានការភ័យខ្លាចនោះទេ ផ្ទុយទៅវិញចំនួនភ្ញៀវអន្តរជាតិចុះឈ្មោះចូលរួមអាចនឹងមានចំនួនកាន់តែច្រើនបន្ថែមទៀត។ទាំងអស់នេះ ដោយសារតែ ពួកគេជឿជាក់លើកក្តាសុខសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ តួលេខភ្ញៀវអន្តរជាតិ ២០០០នាក់ដែលបានចុះឈ្មោះរួចរាល់ហើយនោះ ចុះឈ្មោះច្រើនជាងគេមកពីប្រទេសធំៗដូចជាអង់គ្លេស បារាំង និងអាមេរិក។ ចំពោះព្រឹត្តិការណ៍នេះ ការរៀបចំរឹតតែប្លែកនិងអស្ចារ្យ ហើយនូវតែរក្សាបាននូវគោលបំណងដើមរបស់យូស៊ីអាកាស៊ី គឺការយកថវិកាជួយដល់ជនរងគ្រោះដោយគ្រប់ម៉ីន និងអង្គការ និងមន្ទីរពេទ្យជាច្រើនផងដែរ។
ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរវត្តឆ្នាំ២០២៥ មាន ៤វិញ្ញាសាគឺ មានចម្ងាយ ២១គីឡូម៉ែត្រ ចម្ងាយ ១០គីឡូម៉ែត្រ ចម្ងាយ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ។

ជាមួយគ្នានេះ គណៈកម្មការរៀបការបានប្រគល់ថវិកាសប្បុរសធម៌កាលពីឆ្នាំ ២០២៤ ដល់ មន្ទីរពេទ្យកុមារគន្ធបុប្ផាទទួលបាន ៥០០០ដុល្លារ អង្គការ Cambodia Trust ទទួលបាន ២៥០០ដុល្លារ អង្គការជនពិការអន្តរជាតិ (Handicap International) ទទួលបាន ២០០០ដុល្លារ និង អង្គការបេះដូងមាសទទួលបាន ១០៥០០ដុល្លារ សម្រាប់បែងចែកបន្តដល់អង្គការសប្បុរសធម៌ចំនួន៦ផ្សេងទៀត។

ព្រឹត្តិការណ៍ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី៣០ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅមុខប្រាទអង្គរវត្តក្រោមប្រធានបទ រត់ដើម្បីយូរអង្វែង ដែលគាំទ្រឧបត្ថម្ភធំដោយ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ។

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរវត្ត បង្កើតឡើង ក្នុងឆ្នាំ១៩៩៦ ផ្តួចផ្តើមដោយអង្គការអ៊ុនតាក់ ដឹកនាំដោយលោកយូស៊ី អាកាស៊ី ដើម្បីយកទៅថវិកាទៅជួយដល់ជនរងគ្រោះពិការដោយគ្រាប់ម៉ីន ។ ការចាប់ផ្តើមដំបូង ដោយមានអ្នកចូលរួមរត់មានតែ ៣០០នាក់ទៅ ៤០០នាក់ប៉ុណ្ណោះ ខណៈមកដល់បច្ចុប្បន្នខួបគម្រប់ ៣០ឆ្នាំត្រូវបានព្យាករណ៍ថា អាចនឹងមានអ្នកចូលរួមរត់កើនដល់ ១ម៉ឺន៥ពាន់នាក់ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner