Hamas ព្រមធ្វើតាមផែនការសន្តិភាពរបស់លោក Trump
ហ្គាហ្សា ៖ ក្រុមហាម៉ាស់បាននិយាយថា ត្រៀមខ្លួនសម្រាប់កិច្ចចរចាសន្តិភាព ខណៈដែលលោក Trump ជំរុញអ៊ីស្រាអែល ឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែក នៅតំបន់ហ្គាហ្សា។
ក្រុម ហាម៉ាស់ បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាភ្លាមៗ ស្តីពីការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និង ការបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សា ដោយស្វាគមន៍ការអំពាវនាវ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែក លើទឹកដីប៉ាឡេស្ទីន។
សំណើសន្តិភាពរបស់លោក Trump ដែលគាំទ្រដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអំពាវនាវឱ្យបញ្ឈប់អរិភាព ក្នុងជម្លោះជិតពីរឆ្នាំ ការដោះលែងចំណាប់ខ្មាំង ក្នុងរយៈពេល ៧២ ម៉ោង ការដកខ្លួនបន្តិចម្តងៗ របស់អ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា និងការរំសាយអាវុធរបស់ក្រុមហាម៉ាស តែ ជាចំណុចមួយដែលក្រុមអ៊ីស្លាម មិនបានលើកឡើង នៅក្នុងការឆ្លើយតបរបស់ខ្លួន។
ផែនការនេះក៏ទទូចថា ក្រុមហាម៉ាស់ និងបក្សពួកផ្សេងទៀត “មិនមានតួនាទីណាមួយក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា” ដោយការគ្រប់គ្រងទឹកដីជំនួសមកវិញ ដោយស្ថាប័នបច្ចេកវិទ្យា ដែលគ្រប់គ្រងដោយអាជ្ញាធរអន្តរកាល ក្រោយសង្រ្គាម ដែលដឹកនាំដោយលោក Trump ខ្លួនឯង។
អ្នកនាំពាក្យក្រុមហាម៉ាស់ បានប្រាប់ AFP ថា “សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Trump ស្តីពីការបញ្ឈប់ជាបន្ទាន់នៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប គឺជាការលើកទឹកចិត្ត” ។ គេបានបន្ថែមថា “ក្រុមហាម៉ាស់បានត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមការចរចាភ្លាមៗ ដើម្បីសម្រេចបានការផ្លាស់ប្តូរអ្នកទោស បញ្ចប់សង្គ្រាម និង ធានាការដកទ័ព អ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សាស្ទ្រីប” ។
នៅមុននេះ លោក Trump បានជំរុញឱ្យក្រុមនេះ ទទួលយកផែនការ ២០ ចំណុចរបស់លោក បើមិនព្រមទេនោះ ត្រូវប្រឈមមុខនឹង «ការចុះនរកទាំងអស់»។
អ្នកសម្រុះសម្រួលសំខាន់ៗ ដូចជា កាតា និងអេហ្ស៊ីប ទាំងពីរបានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ហាម៉ាស ដោយនិយាយថា ពួកគេសង្ឃឹមថា ការណ៍នេះនឹងជួយឆ្ពោះទៅរកការធានាការបញ្ចប់ជម្លោះ។ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឱ្យភាគីទាំងអស់ ចាប់យកឱកាស។ មេដឹកនាំប្រទេសបារាំង, ប្រទេសអាល្លឺម៉ង់ និង អង់គ្លេស សុទ្ធតែបានសាទរថា ការប្រកាសនេះគឺជាជំហានដ៏សំខាន់ឆ្ពោះ ទៅរកសន្តិភាព៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត