សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពដល់ក្រុមហ៊ុនធ្វើពាណិជ្ជកម្មថ្នាំកសិកម្មលើលិខិតបទដ្ឋានគតិយុត្ត និងការចុះបញ្ជីថ្នាំកសិកម្ម
(ភ្នំពេញ)៖ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (ហៅកាត់ថា FAO) រៀបចំជាសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពដល់ក្រុមហ៊ុនធ្វើពាណិជ្ជកម្មថ្នាំកសិកម្មលើលិខិតបទដ្ឋានគតិយុត្ត និងការចុះបញ្ជីថ្នាំកសិកម្ម នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកស្រី Rebekah Bell តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ។
សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោងដែលទទួលបានការឧបត្ថម្ភគាំទ្រដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) និងត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី៖
(១). ពង្រឹងសមត្ថភាពដល់ភាគីពាក់ព័ន្ធទៅលើលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងការធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងការចុះបញ្ជី ជាពិសេសគឺផ្តោតទៅលើថ្នាំកសិកម្មជីវសាស្រ្ត
(២). ពង្រឹងសមត្ថភាពថ្នាក់ជាតិសម្រាប់ទប់ស្កាត់សមាសភាពចង្រៃឈ្លានពានសំខាន់ៗ និងការត្រៀមលក្ខណៈក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
នៅក្នុងផលិតកម្មដំណាំ កសិករតែងអនុវត្តវិធានការចាំបាច់នានាដើម្បីបង្ការទប់ស្កាត់ការបាត់បង់ផលដំណាំ ដែលក្នុងនោះវិធានការគីមី (ការប្រើប្រាស់ថ្នាំកសិកម្ម) នៅតែជាវិធានការមួយដ៏ពេញនិយមសម្រាប់ប្រជាកសិករ។
ដូចនេះ ការរៀបចំសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពដល់ក្រុមហ៊ុនធ្វើពាណិជ្ជកម្មថ្នាំកសិកម្មលើលិខិតបទដ្ឋានគតិយុត្ត និងការចុះបញ្ជីថ្នាំកសិកម្មនាពេលនេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតដើម្បីឆ្លុះបញ្ចាំងអំពីភាពជាដៃគូររវាង“រដ្ឋ-ឯកជន-ដៃគូរអភិវឌ្ឍ” ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់មកជួបជុំគ្នា ដើម្បីផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងបង្កើនកិច្ចសហការឱ្យកាន់តែប្រទាក់ក្រឡាគ្នា និងស៊ីជម្រៅថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈលើការអនុវត្តការតម្រូវបមាណីយសម្រាប់ថ្នាំកសិកម្មនៅក្នុងគ្រប់សកម្មភាពពាក់ព័ន្ធនឹងផលិតផលនេះ។ ជាពិសេសផ្តល់ឱ្យប្រតិបត្តិករថ្នាំកសិកម្មទទួលបាននូវចំណេះដឹង និងធាតុចូលថ្មីៗបន្ថែមទៀត ក្នុងបរិបទនៃសាកលភាវូបនីយកម្ម ដើម្បីរួមចំណែកក្នុងការអភិឌ្ឍន៍វិស័យកសិកម្ម ក្រៅពីការធានាបាននូវសន្តិសុខស្បៀងក្នុងស្រុក និងបង្កើនការនាំចេញកសិផល ប្រកបដោយគុណភាពនិងសុវត្ថិភាព ជាមួយនឹងការបង្កើនតម្លៃបន្ថែម និងការរក្សាបាននូវនិរន្តភាពនៃប្រព័ន្ធក្សេត្របរិស្ថាន៕
ប្រភព ៖ ក្រសួងកសិកម្ម