អាមេរិកវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀនជាថ្មី ស្លាប់៤នាក់
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែតុលា បានអះអាងថា ខ្លួនទើបបានសម្លាប់មនុស្ស បួននាក់ ក្នុងការវាយប្រហារថ្មីមួយទៀត ទៅលើទូករត់ពន្ធគ្រឿងញៀន។
វីដេអូមួយ ដែលត្រូវបានចែករំលែក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ឬ ក្រសួងការពារជាតិ លោក Pete Hegseth បានបង្ហាញពីអ្វី ដែលលោកលើកឡើងថា «ជាការវាយប្រហារដោយយោធាអាមេរិក សំដៅទៅលើនាវា ដែលគេសង្ស័យថា ជួញដូរគ្រឿងញៀន នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា»។
ប្រធាន មន្ទីរបញ្ចកោណ រូបនេះ បានសរសេរថា «ភេរវករ narco ជាបុរស ៤ នាក់ នៅលើទូក ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដែលត្រូវបានធ្វើឡើង នៅក្នុងដែនទឹកអន្តរជាតិ នៅឆ្ងាយពីឆ្នេរសមុទ្រនៃប្រទេស វេណេស៊ុយអេឡា ខណៈពេលដែលទូក ១គ្រឿង នេះ កំពុងដឹកជញ្ជូនគ្រឿងញៀន យ៉ាងច្រើន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីបំពុលប្រជាជនរបស់យើង»។
លោក Hegseth បានប្រកាសថា បូករួមទាំងការវាយប្រហារក្រោយបង្អស់ បានធ្វើឲ្យចំនួននៃការវាយប្រហារបែបនេះ កើនឡើងដល់ យ៉ាងហោចណាស់ ៤ លើក ដែលបានបណ្តាលឱ្យមនុស្សស្លាប់ យ៉ាងតិច ២១នាក់។
សកម្មភាពយោធាចុងក្រោយនេះ បានមានកើតឡើង បន្ទាប់ពីរដ្ឋបាល របស់លោកប្រធានាធិបតី Donald Trump បាននិយាយ នៅក្នុងសេចក្តីជូនដំណឹងមួយ ទៅកាន់សភាថា «សហរដ្ឋអាមេរិកកំពុងចូលរួមក្នុង ជម្លោះប្រដាប់អាវុធ ជាមួយក្រុមជួញដូរគ្រឿងញៀន»។
អ្នកជំនាញផ្នែកច្បាប់ជាច្រើនបាននិយាយថា ការប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងអ្នករត់ពន្ធគ្រឿងញៀន ដែលគេសង្ស័យ នៅឆ្ងាយពីព្រំដែនសហរដ្ឋអាមេរិក និង ការប្រកាសកាន់តែទូលំទូលាយ នៃជម្លោះប្រដាប់អាវុធ គឺ ជាទង្វើខុសច្បាប់៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត