នាយករដ្ឋមន្ត្រីថ្មីជប៉ុនអាចជាស្ត្រី លើកដំបូងក្នុងប្រវត្ថិសាស្ត្រ
តូក្យូ ៖ លោកស្រី តាកៃឈី បានទទួលជ័យជម្នះឲ្យក្លាយជាប្រធានថ្មី របស់គណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ LDP នៅថ្ងៃសៅរ៍នេះ ជាហេតុនាំឲ្យលោកស្រី មានភាគរយច្រើនបំផុត ក្នុងការក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេ ក្នុងប្រវត្ថិសាស្ត្រ របស់ប្រទេសជប៉ុន។
អតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន រូបនេះ ត្រូវបានបោះឆ្នោតជ្រើសតាំង ឲ្យធ្វើជាប្រធានគណបក្ស LDP ដែលជាបក្សកាន់អំណាច អំឡុងការបោះឆ្នោតផ្ទៃក្នុងបក្ស នៅថ្ងៃទី៤ ខែតុលានេះ ដោយ លោកស្រីបានយកឈ្នះលើគូប្រជែងរបស់លោកស្រី គឺលោក Shinjiro Koizumi។
តាមលទ្ធផលបោះឆ្នោត លោកស្រី Takaichi ទទួលបានគាំទ្រ ១៨៥សំឡេង ខណៈលោក Koizumi ទទួលបានសំឡេង គាំទ្រ១៥៦សំឡេង បន្ទាប់ពី គូប្រជែង៣នាក់ ផ្សេងទៀត របស់អ្នកទាំង២ ត្រូវបានជម្រុះ ក្នុងការបោះឆ្នោតជុំទី១។
លោកស្រី Sanae Takaichi អាយុ ៦៤ឆ្នាំ ឥឡូវនេះ បើឡើងធ្វើជានាយករដ្ឋមន្ត្រី ប្រឈមមុខនឹងបញ្ហាស្មុគ្រស្មាញជាច្រើន រួមមាន ចំនួនប្រជាជនវ័យចំណាស់, ភាពចលាចលនៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចដែលស្រុតចុះ និងបញ្ហាអំពីអន្តោប្រវេសន៍។
លោកស្រី Takaichi ត្រូវឡើងកាន់តំណែង ជំនួស លោក Shigeru Ishiba ដែលបានប្រកាសលាលែងចេញពីតំណែង កាលពីពេលថ្មីៗនេះ ដោយសារតែ ក្រុមចម្រុះ ដែលដឹកនាំដោយ LDP បានបាត់បង់សំឡេងភាគច្រើន នៅក្នុងសភាទាំងពីរ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត