អាល្លឺម៉ង់បិទព្រលាន្តយន្តហោះ ២ថ្ងៃជាប់គ្នា ព្រោះដ្រូន
បែរឡាំង ៖ អាកាសយានដ្ឋាន នៅប្រទេស អាល្លឺម៉ង់បានបន្តបិទ នៅថ្ងៃទី២ ជាប់ៗគ្នា ដោយសារតែខ្លាចយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន។
អាកាសយានដ្ឋាន Munich ត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការ សម្រាប់ថ្ងៃទីពីរ ជាប់ៗគ្នា កាលពីថ្ងៃសុក្រ ជុំវិញការមើលឃើញយន្តហោះគ្មានមនុស្សបើក ដោយមានជើងហោះហើររាប់សិប និង អ្នកដំណើរជាង ៦,០០០នាក់ រងផលប៉ះពាល់។
អាកាសយានដ្ឋាន ក្នុងប្រទេសដាណឺម៉ាក, ន័រវេស និង ប៉ូឡូញ ថ្មីៗនេះ បានផ្អាកជើងហោះហើរដោយសារតែយន្តហោះគ្មានមនុស្សបើក មិនស្គាល់អត្តសញ្ញាណ ខណៈ រ៉ូម៉ានី និង អេស្តូនី បានចង្អុលមុខរុស្ស៊ី តែ ទីក្រុងមូស្គូ ច្រានចោល ការចោទប្រកាន់នេះ។
អាកាសយានដ្ឋាន Munich បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ថា «ចាប់ពីម៉ោង ៩៖៣០ យប់ ចរាចរណ៍ផ្លូវអាកាសត្រូវរឹតបន្តឹង ហើយបន្ទាប់មក ត្រូវបានលុបចោល ដោយសារតែការមើលឃើញ ដោយយន្តហោះគ្មានមនុស្សបើក»។
ប្រភពបានបញ្ជាក់ថា ជើងហោះហើរចូលចំនួន ២៣ ត្រូវបានបង្វែរទិសដៅ និង ១២ ជើងទៅកាន់ទីក្រុង Munich ត្រូវបានលុបចោល។ ការចាកចេញពីអាកាសយានដ្ឋាន ចំនួន ៤៦ ជើង ត្រូវបានលុបចោល ឬពន្យារពេល រហូតដល់ថ្ងៃសៅរ៍ ជាមួយនឹងអ្នកដំណើរសរុប ចំនួន ៦,៥០០ នាក់ បានរងផលប៉ះពាល់។
អ្នកនាំពាក្យប៉ូលិសបានប្រាប់ AFP ថា មានការមើលឃើញយន្តហោះគ្មានមនុស្សបើកចំនួនពីរ ក្នុងពេលដំណាលគ្នា ដោយក្រុមល្បាតរបស់ប៉ូលីស នៅមុនម៉ោង ១១យប់ នៅជុំវិញផ្លូវរត់ ភាគខាងជើង និងខាងត្បូង។
ប្រភពបានបន្ថែមថា «យន្តហោះគ្មានមនុស្សបើកបានផ្លាស់ទី ទៅឆ្ងាយ ភ្លាមៗ មុនពេលពួកគេអាចកំណត់អត្តសញ្ញាណបាន»។
អាកាសយានដ្ឋានបាននិយាយថា «ដូចកាលពីយប់មុន អាកាសយានដ្ឋាន ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ បានផ្តល់ការផ្គត់ផ្គង់ ដល់អ្នកដំណើរភ្លាមៗ មានដូចជា គ្រែ ជំរុំ ត្រូវបានតំឡើង រួមជាមួយនឹងភួយ ភេសជ្ជៈ និង អាហារសម្រន់»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត