វេណេស៊ុយអេឡាថា អាមេរិកឈ្លានពាន ដើម្បីប្តូររបប
ការ៉ាកាស ៖ មេដឹកនាំប្រទេសវេណេស៊ុយអេឡា បានថ្លែងចាត់ទុកសកម្មភាពរបស់អាមេរិក នៅក្នុងតំបន់ ថា ជាការឈ្លានពានប្រដាប់អាវុធ ដើម្បីផ្លាស់ប្តូររបប។
ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃសុក្រ បានហៅសកម្មភាពរបស់អាមេរិកនៅក្នុងតំបន់ ថា ជាការឈ្លានពានប្រដាប់អាវុធ ដើម្បីផ្លាស់ប្តូររបប ហើយ ដាក់រដ្ឋាភិបាលអាយ៉ង ,លួចប្រេង ឧស្ម័ន មាស និង ធនធានធម្មជាតិទាំងអស់ របស់វេណេស៊ុយអេឡា។
លោក Nicolas Maduro បានបន្តថា «ប្រសិនបើចាំបាច់ ប្រជាជនប្រទេសមួយនេះ នឹងផ្លាស់ប្តូរ ពីទម្រង់នៃការតស៊ូ មិនប្រដាប់អាវុធ ទៅជាការតស៊ូ ប្រដាប់អាវុធ ដើម្បីសន្តិភាព»។
ការអះអាងបែបនេះ ចំពេលសហរដ្ឋអាមេរិកទើបបានសម្លាប់មនុស្ស បួននាក់ ក្នុងការវាយប្រហារថ្មីមួយទៀត ទៅលើទូករត់ពន្ធគ្រឿងញៀន។ បូករួមទាំងការវាយប្រហារក្រោយបង្អស់ កាលពីថ្ងៃសុក្រ បានធ្វើឲ្យចំនួននៃការវាយប្រហារបែបនេះ កើនឡើងដល់ យ៉ាងហោចណាស់ ៤ លើក ដែលបានបណ្តាលឱ្យមនុស្សស្លាប់ យ៉ាងតិច ២១នាក់។
អ្នកជំនាញផ្នែកច្បាប់ជាច្រើនបាននិយាយថា ការប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងអ្នករត់ពន្ធគ្រឿងញៀន ដែលគេសង្ស័យ នៅឆ្ងាយពីព្រំដែនសហរដ្ឋអាមេរិក និង ការប្រកាសកាន់តែទូលំទូលាយ នៃជម្លោះប្រដាប់អាវុធ គឺ ជាទង្វើខុសច្បាប់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត