អ៊ីស្រាអែលបន្តវាយប្រហារនៅហ្គាហ្សា ស្លាប់ជិត៦០នាក់
ហ្គាហ្សា ៖ ទោះបីជាមានការអំពាវនាវរបស់លោក ត្រាំ ឱ្យផ្អាកប្រតិបត្តិការក៏ដោយ ក៏ អ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារដ៏សាហាវ នៅទូទាំងតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ បណ្តាលឲ្យស្លាប់មនុស្ស ជិត៦០នាក់។
លោក Mahmud Bassal អ្នកនាំពាក្យ របស់ទីភ្នាក់ងារការពារជនស៊ីវិល ដែលជាអង្គការសង្គ្រោះធ្វើប្រតិបត្តិការ នៅក្រោមអាជ្ញាធរហាម៉ាស បាននិយាយ កាលពីថ្ងៃទី៤ ខែតុលា ថា «ចំនួនអ្នកស្លាប់ ពីការទម្លាក់គ្រាប់បែក ដែលកំពុងបន្ត របស់អ៊ីស្រាអែល ចាប់តាំងពីព្រឹកព្រលឹមថ្ងៃនេះ មានចំនួន ៥៧ នាក់ ក្នុងនោះ មាន ៤០នាក់ នៅក្នុងទីក្រុង Gaza»។ ការវាយប្រហារនេះបានកើតឡើង ចំពេលដែលកងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារ ទាំងផ្លូវអាកាសនិងផ្លូវគោក យ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ជុំវិញទីក្រុង។
លោក Mohammed al-Mughayyir មន្ត្រីទីភ្នាក់ងារការពារជនស៊ីវិល បាននិយាយថា «ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា នៅតែបន្ត ជាមួយនឹងកម្រិតដូចគ្នា និងលំនាំដដែល»។
លោក Mahmud Al-Ghazi អាយុ ៣៩ឆ្នាំ ជាអ្នករស់នៅ ក្នុងសង្កាត់ Al-Rimal ក្នុងទីក្រុង Gaza បាននិយាយថា «អ៊ីស្រាអែលពិតជាបានបង្កើនការវាយប្រហាររបស់ខ្លួន» ចាប់តាំងពីការអំពាវនាវរបស់លោក Trump ឱ្យផ្អាក។ លោកបានបន្ថែមថា «តើអ្នកណានឹងបញ្ឈប់អ៊ីស្រាអែល ឥឡូវនេះ? យើងត្រូវការការចរចារឱ្យលឿនជាងមុន ដើម្បីបញ្ឈប់ការប្រល័យពូជសាសន៍ និងការបង្ហូរឈាមដែលកំពុងបន្ត»។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួននៅតែប្រតិបត្តិការនៅទីក្រុង Gaza ហើយបានព្រមានអ្នកស្រុក កុំឱ្យត្រឡប់ទៅទីនោះវិញ ដោយបន្ថែមថា ការធ្វើបែបនេះ នឹងមានគ្រោះថ្នាក់ខ្លាំង។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា យោធាបានផ្លាស់ប្តូរទីតាំងការពារ នៅតំបន់ហ្គាហ្សា បន្ទាប់ពីការអំពាវនាវរបស់លោក Trump តែ យោធាមិនបានបញ្ជាក់ ពីការចោទប្រកាន់ជុំវិញ ការបន្តវាយប្រហារ ដល់កាសែត AFP នោះទេ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត