អឺរ៉ុប ៖ ទឹកជំនន់ស្លាប់៤នាក់នៅប៊ុលហ្គារី
សូហ្វ៊ីយ៉ា ៖ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ទឹកបានជន់លិចប្រទេសប៊ុលហ្គារី ដែលស្ថិតក្នុងទ្វីបអឺរ៉ុប បណ្តាលឲ្យសម្លាប់មនុស្ស ចំនួន៤នាក់។
អាជ្ញាធរបាននិយាយថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅ របស់ប្រទេសប៊ុលហ្គារី កាលពីថ្ងៃសុក្រ បានសម្លាប់មនុស្ស បីនាក់ នៅក្នុងទីក្រុងរមណីយដ្ឋានមួយកន្លែង ជាមួយនឹងទឹកហូរកាត់ភក់ តែ ក្រោយមក ឡើងដល់់ ៤នាក់។
ភាពអាសន្នត្រូវបានប្រកាស នៅក្នុងក្រុងមួយចំនួន នៅភាគអាគ្នេយ៍ និង ភាគពាយព្យនៃប្រទេស។ វីដេអូដែលបានចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីទឹកបាននាំយករថយន្ត ទៅឆ្ងាយ តាមបណ្តោយផ្លូវធំមួយ នៅក្នុងរមណីយដ្ឋាន។
អនុរដ្ឋមន្ត្រីមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានថា ទឹកជំនន់បានបំផ្លាញអគារ និងផ្លូវថ្នល់ ហើយរថយន្តជាច្រើនគ្រឿង ត្រូវបានអូសចូល ទៅក្នុងសមុទ្រ។ ប្រភពបានប្រាប់អ្នកសារព័ត៌មាន ដោយបន្ថែមថា «យន្តហោះគ្មានមនុស្សបើក ត្រូវបានបញ្ជូន ទៅដើម្បីពិនិត្យមើលថា តើរថយន្តទាំងនោះ ហូរធ្លាក់ដល់ទីតាំងណាខ្លះ»។
ក្រុមអ្នកបរិស្ថានបានប្រកាសអាសន្ន អស់រយៈពេលជាច្រើនឆ្នាំ លើការសាងសង់តាមបណ្តោយឆ្នេរសមុទ្រខ្មៅ ដោយនិយាយថា សំណង់ទាំងនេះធ្វើឱ្យខូចខាតកាន់តែធ្ងន់ធ្ងរ អំឡុងពេលគ្រោះមហន្តរាយធម្មជាតិ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


