ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងអ៊ុយក្រែន

កៀវ ៖ ការវាយប្រហារដ្រូនរបស់រុស្សី លើស្ថានីយរថភ្លើងអ៊ុយក្រែន បានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និង របួសរាប់សិបនាក់ទៀត។

រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក នៅលើរថភ្លើងដឹកអ្នកដំណើរ ចំនួនពីរគ្រឿង នៅក្នុងតំបន់ Sumy ភាគឦសាន នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សម្នាក់ និង បានរងរបួស ប្រមាណ៣០នាក់ ផ្សេងទៀត នេះបើយោងតាមមន្ត្រីអ៊ុយក្រែន។

ប្រមុខផ្លូវដែកអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃសៅរ៍ថា រុស្ស៊ីកំពុងបង្កើនយុទ្ធនាការវាយប្រហារតាមអាកាសលើបណ្តាញ នៅក្នុងការប៉ុនប៉ងផ្តាច់សហគមន៍ជួរមុខ មុនរដូវរងា។

នាយកប្រតិបត្តិផ្លូវដែកអ៊ុយក្រែន លោក Oleksandr Pertsovsky ក៏បានព្រមានផងដែរថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី កាន់តែមានភាពច្បាស់លាស់ ដែលធ្វើអោយមានភាពស្មុគស្មាញ ដល់សមត្ថភាពរបស់ទីក្រុង Kyiv ក្នុងការការពារ ទប់ស្កាត់ការវាយប្រហារ ដែលចូលមក។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានហៅការវាយប្រហារ កាលពីថ្ងៃសៅរ៍ដែលបានកើតឡើងប្រហែល ៥០ គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ីថា “ព្រៃផ្សៃ” ។ លោក Zelensky ថែមទាំងបានបង្ហោះវីដេអូមួយ ដែលបង្ហាញពីទូរថភ្លើង ដែលត្រូវភ្លើងឆាបឆេះបង្អួច ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner