ខេត្តកំពង់ចាមធ្វើជាម្ចាស់ផ្ទះរៀបចំទិវាដើរពិភពលោកក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace»

កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាមបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ «ដើរពិភពលោក World Walking Day» ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នៅក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

ក្នុងព្រឹត្តិការណ៍ «ដើរពិភពលោក World Walking Day» បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ អ្នកឧកញ៉ា លោក លោកស្រី ប្រជាពលរដ្ឋ ក្មួយៗសិស្ស និស្សិត យ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តកំពង់ចាមជំនួសមុខបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ដែលបានផ្តល់ឱកាសឱ្យខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះ​រៀបចំទិវាដើរពិភពលោកនាឆ្នាំនេះ បន្ទាប់ពីខេត្តព្រៃវែង ដែលបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣ កន្លងទៅ។

សូមជម្រាបថា ព្រឹត្តិការណ៍ដើរពិភពលោក ត្រូវបានប្រារព្ធឡើងនៅអាទិត្យសប្តាហ៍ដំបូងនៃខែតុលាជារៀងរាល់ឆ្នាំ ដោយមានមនុស្សពីគ្រប់មជ្ឈដ្ឋានទូទាំងពិភពលោក។ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពសស់សុខភាព និងសង្គមប្រកបដោយសាមគ្គីភាព ។

នៅកម្ពុជាឯកឧត្តមអភិបាលខេត្តបានភ្ជាប់ថា ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញនូវស្មារតីរួបរួមកម្លាំង​សាមគ្គី​ជាមួយ​វីរកងទ័ពកម្ពុជាដែលបាននិងកំពុងប្រឆាំងតទល់នឹងការឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជាសំឡេង​ប្រាប់​ពិភពលោកថា ប្រទេសកម្ពុជាកំពុងទទួលរងការគំរាមកំហែងដល់អធិបតេយ្យរបស់ការឈ្លានពាន វាយប្រហារ​ឥតញញើតមួយលើកជាពីរលើករបស់ថៃ មកលើកម្ពុជា៕

ដោយ៖លី ពៅ

ads banner