ពិធីប្រគល់ពានរង្វាន់ មេដាយមាស និង លិខិតសរសើរ ដល់សិស្ស UCMAS កៀនស្វាយ និងឫស្សីកែវ ចំនួន ៥០០នាក់ និងមានការអញ្ជើញជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី

(ភ្នំពេញ)៖ សិស្សរបស់ យូស៊ីម៉ាស(UCMAS) ចំនួន ៥០០នាក់បានប្រកាសឱ្យទទួលជ័យលាភី ដោយក្នុងចំណោមនោះសិស្ស ៧នាក់ទទួលបានពានរង្វាន់ ១៣នាក់ទទួលបានមេដាយមាស និង ៤៨០នាក់ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតសរសើរ។ ក្នុងចំណោមសិស្ស៧នាក់ដែលទទួលបានពានរង្វាន់នោះ ក៏មានកុមារា ហ៊ុន ពេជមុន្នីឬទ្ធិសិទ្ធិ កូនប្រុសពៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីកម្ពុជា និងលោកបណ្ឌិតពេជ ចន្ទមុន្នីហ៊ុនម៉ាណែតទៀតផង។

គួរបញ្ជាក់ថា ក្នុងពិធីប្រគល់ពានរង្វាន់ មេដាយមាស វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតសរសើរ ដល់សិស្ស UCMAS សាខាកៀនស្វាយផ្លាហ្សា និងសាខាឫស្សីកែវនេះក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

ពិធីដែលបានរៀបចំធ្វើឡើងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីរសៀលថ្ងៃទី៤ខែតុលា ឆ្នាំ២០២៥នេះដែរ ក៏គេឃើញមានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបណ្ឌិត Chris Chew នាយកប្រិតបត្តិយូស៊ីម៉ាសអន្តរជាតិ លោក ងន់ ច័ន្ទរ៉ា នាយកយូស៊ីម៉ាសសាខាកៀនស្វាយផ្លាហ្សានៃសាលារៀនបញ្ញវន្តកម្ពុជា និង លោក រឿន ចន្ថា នាយកសាខាឫស្សីកែវ សិស្សានុសិស្ស អាណាព្យាបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀតសរុបប្រមាណ១,៧០០នាក់។

សូមរំលឹកថា កន្លងទៅ កុមារាហ៊ុន ពេជមុនី្នឬទិ្ធសិទិ្ធ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ធ្លាប់ទទួលបានមេដាយ និងពានរង្វាន់មួយចំនួនទៀត ទាក់ទងនឹងការគិតលេខរហ័ស ដែលក្នុងនោះមានដូចជា៖ចំណាត់ថ្នាក់លេខ១ការប្រលងគណិតវិទ្យាអន្តរជាតិ ក្នុងចំណោមអ្នកចូលរួមរាប់ពាន់នាក់ ជុំវិញពិភពលោក,មេដាយមាសលេខរៀងទី១ក្នុងថ្នាក់ និងមេដាយមាសលេខរៀងទី៦ ក្នុងចំណោមបេក្ខជន ២៧ប្រទេស ក្នុងការប្រឡងកម្រិតអន្តរជាតិ នៃការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរី វគ្គផ្តាច់ព្រ័ត្រ និងទទួលបានពានរង្វាន់ និងមេដាយមួយចំនួនទៀតទាំងថ្នាក់ជាតិ និងអន្តរជាតិ។

បញ្ជាក់ក្នុងពិធីនេះ លោកបណ្ឌិត Chris Chew ឱ្យដឹងថាសម្រាប់ UCMAS ជាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលដែលឈានមុខគេនឹងបានបង្តើតតាំងពី ឆ្នាំ ១៩៩៣ដែលមាន ៦ពាន់ សាខា ក្នុង ៨០ប្រទេស ទូរទាំងពិភពលោក ។ UCMAS ត្រូវបានបង្រៀនដោយប្រើប្រាស់ម្រាមដៃទាំង ៦ ជាមួយ ឧបករណ៍Abacusជួយសិស្សឱ្យអភិវឌ្ឍការផ្តោតអារម្មណ៍ច្បាស់ និងមានឥទ្ធិពលលើការចងចាំ និងការផ្តោតអារម្មណ៍របស់កុមារអាយុចន្លោះពី ៤ ទៅ ១២ឆ្នាំ ដោយពួកគេផ្តោតការយកចិត្តទុកដាក់កាន់តែខ្ពស់លើមេរៀន និងការសិក្សារបស់ពួកគេ។

លោក ងន់ ច័ន្ទរ៉ា នាយក យូស៊ីម៉ាស កៀនស្វាយផ្លាហ្សា នៃ សាលារៀនបញ្ញវន្តកម្ពុជា ឱ្យដឹងថាUCMASកៀនស្វាយផ្លាហ្សា និងឫស្សីកែវ នៃសាលារៀនបញ្ញវន្តកម្ពុជា និងសាលាអន្តរជាតិ Mannerសំដែងនូវការ កោតសសើរ ចំពោះក្មួយៗ ដែលខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។ ជាក់ស្តែង នាឆ្នាំកន្លងមកនេះ សិស្ស UCMAS កម្ពុជា សាខាកៀនស្វាយផ្លាហ្សា និងឫស្សីកែវបានចូលរួម ប្រឡងថ្នាក់អន្តរ ជាតិ ជាមួយ សិស្ស UCMAS អន្តរជាតិជាច្រើន ទូទាំងពិភពលោក ។ ជាលទ្ធផល សិស្ស UCMAS កម្ពុជាយើង សាខាកៀនស្វាយផ្លាហ្សាបាន ឈ្នះ Grand Champion ដែលជាពានផុតលេខខ្ពស់បំផុត យកឈ្នះ កុមារអន្តរជាតិ មកពី៣១ ប្រទេសលើសកលលោក ។ បន្ថែមលើសពីនេះទៅទៀត នាពេលថ្មីៗនេះ សិស្សUCMAS កៀនស្វាយផ្លាហ្សា និងឫស្សីកែវបានចូលរួមប្រឡងថ្នាក់ជាតិលើកទី៧ ហើយទទួលបានពានរង្វាន់ និងមេដាយ មាសជាច្រើនទៀតផង។

លោកបានបញ្ជាក់ដែរថា នាកន្លងមកនេះសិស្សានុសិស្សកម្ពុជាពិតជាមានសមត្ថភាព គ្រប់គ្រាន់ និងអាចប្រកួតប្រជែងជាមួយសិស្សានុសិស្សបរទេសជាច្រើននៅលើសកលលោកបានទៀតផង៕

ដោយ ៖ ម៉ាដេប៉ូ
រូប ៖ លោក គ្រីសម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner