ឧត្តមសេនីយ៍ទោ សោម ស៊ុន រៀបចំសាងសង់ផ្ទះថ្មីជូនគ្រួសារអតីតយុទ្ធជនមួយរូបដែលមានដី តែពុំមានផ្ទះ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ និងសហការី កាលពីថ្ងៃទី៤ ខែតុលា បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជនមួយរូបដែលមានដី តែគ្មានផ្ទះ​រស់នៅជាកម្មសិទ្ធិរស់នៅ​ជាមួយសាច់ញាតិ ពេលខ្លះស្នាក់អាស្រ័យនៅតាមទីកន្លែងការងារ បច្ចុប្បន្នរស់នៅ​ភូមិស្រែ​ខ្សាច់ ឃុំដងកាំបិត ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ‎។

លោក ឡាច សុខា អាយុ៦៤ឆ្នាំ ចូលបម្រើជានគរបាលនៅឆ្នាំ១៩៨៤ អង្គភាពអធិការដ្ឋាននគរបាលស្រុកសណ្តាន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។លោកបានចូលនិវត្តន៍នៅឆ្នាំ២០១៦ មានភរិយា និងក្រុមគ្រួសាររស់​នៅក្នុង​បន្ទុក៧នាក់។លោកប្រកបរបរចៀរជ័រកៅស៊ូនៅឃុំដងកាំបិត បច្ចុប្បន្នពុំមិនមានជម្រកស្នាក់នៅ ។ ទាំងពីរនាក់ប្តី​ប្រពន្ធ​ស្នាក់នៅកន្លែងធ្វើការងារ។ រីឯកូនៗរស់នៅជាមួយសាច់ញាតិ។ប៉ុន្តែលោកមានដីជាកម្មសិទ្ធមានទំហំ ១២ ម៉ែត្រគុណនឹង៥០ ម៉ែត្រសម្រាប់ធ្វើការសាងសង់ផ្ទះ ។លោកបានសំណូមពរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី​តាមរយៈនាយឧត្ដមសេនីយ៍ គន់ គីម និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាពេល​កន្លងមកនូវផ្ទះមួយខ្នង ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម ,សម្ដេចអនុញ្ញាតឱ្យក្រុម​ការងារ​ចុះមករៀបចំដើម្បីដំណើរការសាងសង់ផ្ទះថ្មីដែលមានទំហំ៥ ម៉ែត្រ គុណនឹង៧ ម៉ែត្រ មានតសំយ៉ាបខាងមុខ និង​ខាងក្រោយ ដោយសាងសង់ពីសសរបេតុង ជញ្ជាំងស្មាតប៊ត និងមានបង្គន់អនាម័យ។

ក្នុងពេលនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្តល់ជូនអំណោយជាស្បៀងមួយចំនួន​របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនក្រុមគ្រួសារលោក ឡាច សុខា ផងដែរ ។‎

លោក ឡាច សុខា និងក្រុមគ្រួសារ មានចិត្តរំភើបរីករាយ និងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុត​ចំពោះសម្ដេច​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ត​ជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់រៀបចំសាងសង់ផ្ទះជូនគាត់បានស្នាក់នៅសមរម្យនៅពេលខាងមុខ ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner