អភិបាលខេត្តអញ្ជើញប្រគល់ផ្ទះមនុស្សធម៌មួយខ្នងអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខនៅស្រុកកងមាស

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ចាម រួមដំណើរដោយឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ សកលវិទ្យាធិការ ហោ ប៉េង តំណាងឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសសាខា បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌មួយខ្នង និងបន្ទប់ទឹក មួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាផ្ទះមនុស្សធម៌ទី២៨ ជូនអ្នកស្រី អេន ស៊ីណា អាយុ ៣៨ឆ្នាំ ជាភរិយាវីរកងទ័ពជួរមុខ រស់នៅភូមិ​រាយ​ប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស។

ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបា​ទក្រហមកម្ពុជា ជានិច្ចកាលសម្តេចតែងតែបានណែនាំឱ្យសាខា អនុសាខា និងបណ្តាញការងារគ្រប់ថ្នាក់របស់កាក​បាទ​​​ក្រហមកម្ពុជាយកចិត្តទុកដាក់ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឱ្យ​ទាន់ពេលវេលា ក្នុងនោះត្រូវគិតគូរ ផ្តោតទៅលើគ្រួសារវីរកងទ័ពជួរមុខ ,ពលរដ្ឋភៀសសឹក និងផ្តល់ឱកាស​ការងារ​ដល់ពលករដែលត្រឡប់មកពីប្រទេសថៃជាសំខាន់។

សូមបញ្ជាក់ថា អ្នកស្រី អេន ស៊ីណា ជាភរិយាយោធិនជួរមុខនៅមុំ៣ ទិសព្រះវិហារកំពុងបំពេញបេសកកម្មការពារ​បូរណភាពទឹកដីយ៉ាងប្តូរផ្តាច់នៅសមរភូមិព្រំដែន ។អ្នកស្រីមានកូនស្រីប្រុសពីរនាក់ ក្នុងបន្ទុក និងមានផ្ទៃពោះ ៤ខែ ថែមទៀត ។កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅដោយមើលឃើញពីស្ថានភាពលំបាករបស់​គ្រួសារ​វីរយុទ្ធជន​ជួរមុខ ផុន សុធា “នៅឯមូលដ្ឋានក្រោយដែលសព្វថ្ងៃកំពុងកង្វះមធ្យោបាយធ្វើដំណើរ ជម្រកស្នាក់នៅ មានតែកូនផ្ទះតូចមួយ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានពិនិត្យ និងសម្រេចសាងសង់ ផ្ទះថ្មផ្ទាល់ដីប្រក់សង្កសីមួយខ្នង ទំហំ ៥ម៉ែត្រគុណនឹង៨ម៉ែត្រ និងបង្គន់អនាម័យ មួយ​បន្ទប់ ជូនប្រពន្ធនិងកូន របស់វីរយុទ្ធជនជួរមុខ ផុន សុធា

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់ថវិកាបដិភាគ សម្រាប់ចាក់ដីលើកកម្ពស់ផ្ទះ និង ឥដ្ឋការ៉ូក្រាលបាតផ្ទះ ព្រមទាំង បានប្រគល់ជូនម៉ូតូ ថ្មីមួយគ្រឿងទៀតសម្រាប់ជាមធ្យោបាយធ្វើដំណើរ។

ដោយឡែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់សម្រាប់សង្កត់ផ្ទះថ្មី ជូន អ្នកស្រី អេន ស៊ីណា រួមមាន អង្ករ គ្រឿងឧបភោគ បរិភោគ សម្ភារផ្ទះបាយ សម្ភារដំណេក ក្នុងមួយមុខ ២សម្រាប់   និងថវិកាចំនួន២០ម៉ឺនរៀល។ ដោយឡែក លោកតា លោកយាយ យុវជន ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ -ទទួលផ្ទះថ្មី ដោយទទួលបាន អង្ករ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដែរ៕
ដោយ៖លី ពៅ

ads banner