អ៊ីរ៉ង់ ថា លែងពាក់ព័ន្ធជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរ UN
តេហេរ៉ង់ ៖ អ៊ីរ៉ង់បាននិយាយថា កិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ហៅកាត់ UN លែងពាក់ព័ន្ធទៀតហើយ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi មានប្រសាសន៍ កាលពីថ្ងៃអាទិត្យថា កិច្ចសហប្រតិបត្តិការ ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ គឺ “លែងពាក់ព័ន្ធ” បន្ទាប់ពីការដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញ លើសាធារណរដ្ឋអ៊ីស្លាម មួយនេះ។
លោក Abbas Araghchi បាននិយាយ ដោយសំដៅលើកិច្ចព្រមព្រៀង ខែកញ្ញា ជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិថា «កិច្ចព្រមព្រៀង Cairo លែងពាក់ព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង ជាមួយ IAEA ឬ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ»។
បណ្តាប្រទេសលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងចូលរួមដោយអ៊ីស្រាអែល បានចោទប្រកាន់អ៊ីរ៉ង់ថា បានបន្តអាវុធនុយក្លេអ៊ែរ និងកំណត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ជាបន្ទាត់ក្រហម។
អ៊ីរ៉ង់បានច្រានចោលទាំងស្រុង នូវការចោទប្រកាន់នេះ ដោយទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ ហើយថា ខ្លួនមានសិទ្ធិ ក្នុងការពង្រឹង។
អ៊ីរ៉ង់បានចូលរួមក្នុងការចរចា ជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីខែមេសា ដើម្បីឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារ កាលពីខែមិថុនា ទៅលើទីតាំងនុយក្លេអ៊ែរ យោធា និងលំនៅដ្ឋាន ពីសំណាក់អ៊ីស្រាអ៊ែល បាននាំឱ្យការចរចារ ត្រូវផ្អាក។ ក្រោយមក អាមេរិកបានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ តាមពីក្រោយប្រទេសអ៊ីស្រាអែល។
ទីក្រុង តេហេរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានធ្វើឱ្យខូច ដល់ការទូត ហើយបានជំរុញឱ្យមានការធានា និងការទទួលស្គាល់សិទ្ធិរបស់ខ្លួន មុនពេលការចរចាឡើងវិញ ដែលអាចកើតមាន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
