រុស្ស៊ីសាមគ្គីភាពពេញលេញជាមួយវេណេស៊ុយអេឡា ដែលកំពុងតានតឹងជាមួយអាមេរិក

មូស្គូ ៖ រុស្ស៊ីបញ្ជាក់ពីការគាំទ្រ និង សាមគ្គីភាពពេញលេញ
ជាមួយវេណេស៊ុយអេឡា ដែលកំពុងតានតឹងជាមួយអាមេរិក ហើយ ប្រកាសថ្កោលទោសការវាយប្រហារលើទូកសង្ស័យរត់ពន្ធគ្រឿងញៀន។

យោងតាមចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Al jazeeraប្រទេសរុស្ស៊ីបានថ្កោលទោសការវាយប្រហារ របស់សហរដ្ឋអាមេរិក លើទូកដែលត្រូវបានចោទប្រកាន់ថា បានដឹកគ្រឿងញៀនខុសច្បាប់ នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា ដែលបានសម្លាប់មនុស្ស ៤នាក់ កាលពីថ្ងៃសុក្រ ហើយបានព្រមានអំពីការកើនឡើង ដែលអាចកើតមាន នៅក្នុងតំបន់ការ៉ាប៊ីន ទាំងមូល។

អំឡុងការហៅទូរស័ព្ទ ទៅកាន់សមភាគីវេណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យ ទី៥ ខែតុលា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្កោលទោសការវាយប្រហារ ដែលបានកើតឡើង នៅក្នុងដែនទឹកអន្តរជាតិ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសរុស្ស៊ី បន្ទាប់ពីការសន្ទនា បានឱ្យដឹងថា “លោករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសកម្មភាពកើនឡើងរបស់ទីក្រុងវ៉ាស៊ីនតោន នៅសមុទ្រការាបៀន ដែលពោរពេញដោយផលវិបាកដ៏ធំធេង សម្រាប់តំបន់” ។

ប្រភពបានអះអាងថា «ភាគីរុស្ស៊ីបានបញ្ជាក់ពីការគាំទ្រ និងសាមគ្គីភាពពេញលេញរបស់ខ្លួនជាមួយថ្នាក់ដឹកនាំ និងប្រជាជនវេណេស៊ុយអេឡា ក្នុងបរិបទបច្ចុប្បន្ន»។

ការវាយប្រហារចុងក្រោយនេះ បាននាំឱ្យចំនួននៃការវាយប្រហារ របស់អាមេរិកបែបនេះ កើនឡើងដល់ យ៉ាងហោចណាស់ ៤ ដង ហើយ មនុស្សស្លាប់ យ៉ាងតិច ២១នាក់ នេះបើតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក៕

ប្រភពពី Al Jazeera ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner