ឯកឧត្តម ណយ ផាណា៖ វគ្គបណ្តុះបណ្តាលទ្រីយ៉ាត្លុងនឹងរួមចំណែកអភិវឌ្ឍធានធានគ្រូបង្វឹកនិងអត្តពលិកឱ្យកាន់តែមានគុណភាព

(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិត១ បានបិទបញ្ចប់ដោយជោគជ័យ ខណៈវគ្គដ៏សំខាន់នេះត្រូវបានចាត់ទុកថាជាចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានគ្រូបង្វឹក និងអត្តពលិកប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែមានគុណភាព សម្បូរបែប ។
នេះជាប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ណយ ផាណា ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងពិធីបិទវគ្គ នាល្ងាចថ្ងៃទី៥ ខែ តុលា ឆ្នាំ២០២៥។

ឯកឧត្តម ណយ ផាណា បានគូសបញ្ជាក់ថា នេះជាវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ ដែលបានចែករំលែកចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិពីររូបជូនដល់សិក្ខាកាមជាគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្ពុជា និងសិក្ខាកាមមកពីប្រទេសវៀតណាម៥នាក់ សរុប២៥នាក់។

ឯកឧត្តម ជឿជាក់ថា សិក្ខាកាមជាគ្រូបង្វឹកទាំងអស់នឹងយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិត១នេះទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីរបស់ខ្លួនឱ្យមានគុណភាពល្អប្រសើរ ។ បន្ថែមពីលើនេះ ឯកឧត្តម ជំរុញឱ្យសិក្ខាកាមទាំងអស់ស្វែងយល់បន្ថែមឱ្យបានស៊ីជម្រៅអំពីការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា ដូពីង ដែលពិភពលោកកំពុងយកចិត្តទុកដាក់ខ្ពស់ កាលណា កីឡាករ ឬកីឡាករកីឡាការិនីណាម្នាក់ប្រើប្រាស់សារធាតុហាមឃាត់នោះនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្លួនឯង ក្រុមគ្រូសារ និងកិត្តិយសជាតិជាដើម រហូតដល់អន្តរជាតិដកមេដាយវិញ និងត្រូវបានដាក់ទណ្ឌកម្មទៀត។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងចែករំលែកចំណេះជំនាញពីគ្រូឧទ្ទេសទាំងពីររូប និងការប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងរបស់សិក្ខាកាមទាំងអស់ផងដែរ។

ដោយឡែក លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានជម្រាបជូនថា វគ្គបណ្តុះបណ្តាលសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិត ១ ផ្អែកតាមផែនការប្រចាំឆ្នាំ២០២៥របស់ NOCC និងសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិត១ តាមរយៈគម្រោង Olympic Solidarity និង World Triathlon។

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិត១នេះត្រូវបានរចនាឡើងសម្រាប់បុគ្គល ដែលមានចំណង់ចំណូលចិត្តចង់សិក្សាស្វែងយល់ និងរួមចំណែកចែករំលែកចំណេះដឹងថ្មីៗ ដើម្បីការរីកលូតលាស់នៃកីឡាទ្រីយ៉ាត្លុងនៅតាមក្លឹបសមាគមរបស់ពួកគេ។ គ្រូបង្វឹកដែលបញ្ចប់ការសិក្សានឹងអាចរៀបចំផែនការហ្វឹកហាត់ កម្មវិធីហ្វឹកហាត់ និងពិនិត្យលើវគ្គមូលដ្ឋានបន្ត ដែលជារឿយៗធ្វើតាមការណែនាំរបស់គ្រូបង្វឹកដែលមានបទពិសោធន៍កាន់តែច្រើននៅពេលពួកគេធ្វើការអភិវឌ្ឍ។

លោកចាត់ទុកថា វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នាពេលនេះនឹងក្លាយជាប្រយោជន៍ ក្នុងការពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាទាំងគ្រូបង្វឹក និងកីឡាករ កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជាឆ្ពោះទៅចូលរួមប្រកួតអន្តរជាតិជាបន្តបន្ទាប់ ជាពិសេសក្នុងដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner