ឯកឧត្តម វង សូត លើកទឹកចិត្តសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ បន្តរៀនមុខវិជ្ជាដែលខ្លួនពេញចិត្ត ដើម្បីអនាគត
(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានថ្លែងណែនាំ និងលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ដែលមកពីវិទ្យាល័យជាច ក្នុងខេត្តព្រៃវែង និងវិទ្យាល័យ ហេង សំរិនអន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ បន្តនូវមុខវិជ្ជាដែលខ្លួនពេញចិត្ត ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។
ការថ្លែងណែនាំបែបនេះ របស់ឯកឧត្តម វង សូត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A B C មកពីវិទ្យាល័យសម្តេច ហេង សំរិន អន្លងជ្រៃ និងវិទ្យាល័យជាច ដែលពិធីនេះប្រារព្វធ្វើនៅវិទ្យាល័យសម្តេច ហេង សំរិន អន្លងជ្រៃ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានកោតសរសើរចំពោះសិស្សានុសិស្ស ដែលមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ រួមផ្សំជាមួយនឹងការយកចិត្តទុក្ខដាក់ពី មន្ទីរអប់រំយុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការលើកទឹកចិត្តពីឪពុកម្តាយ រហូតប្រឡងជាប់ និងទទួលបាននិទ្ទេសល្អទៀតផង។
ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្មួយៗដែលមិនបានប្រលងជាប់ និងដែលទទួលបាននិទ្ទេសមិនល្អ សូមកុំអស់សង្ឃឹម និងជំរុញឱ្យក្មួយៗចូលរៀនជំនាញបច្ចេកទេស ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុក្ខដាក់ជំរុញការបណ្តុះបណ្តាលនេះដល់យុវជន ដើម្បីចាប់យកមុខរបរ ជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ឯកឧត្ដម ក៏បានជម្រាបជូនអំពីសភាពការណ៍ទូទៅនៃស្ថានភាពនយោបាយ ជាពិសេសពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលសៀមបានប្រើប្រាស់គ្រប់ឧបាយកល និងគ្រប់រូបភាពក្នុងការបន្តការឈ្លានពាន ហើយប្រេីល្បិចកលគ្រប់មធ្យោបាយ គ្រប់ទម្រង់ដើម្បីបំពានលេីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលកម្ពុជាប្រកាន់ខ្ជាប់ពីស្មារតីគោរព ច្បាប់អន្តរជាតិ អត់ធ្មត់ និងខិតខំស្វែងរកយុត្តិធម៌ដោយតុលាការយុត្តិធម៌អន្តរជាតិ International Court of Justice- ICJ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងធ្វេីឱ្យយេីងទាំង អស់គ្នារឹតតែមានជំនឿជឿជាក់លេីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ នៃរដ្ឋសភា ដែលនេះជាកម្លាំងសាមគ្គីដ៏រឹងមាំ និងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់វីរ:កង ទ័ពដែលឈរជេីងនៅសមរភូមិមុខ។
ឯកឧត្តម វង សូត និងលោកជំទាវ បានឧបត្ថម្ភដល់សិស្សនិទ្ទេស A ៣នាក់ ក្នុងម្នាក់ៗម៉ូតូ ០១គ្រឿង និងថវិកា ១០ម៉ឺនរៀល និទ្ទេសB ២៨នាក់ ក្នុងម្នាក់ៗ ថវិកា ១០ម៉ឺនរៀល និទ្ទេសC ៥២នាក់ ក្នុងម្នាក់ៗ ថវិកា ១០ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាដល់នាយកសាលា ចំនួន ៦នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ព្រមទាំងបានរៀបចំអាហារសាមគ្គីជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរ៕






ដោយ ៖ ហេង សម្បត្តិ