តៃវ៉ាន់បញ្ជាទិញប្រព័ន្ធមីស៊ីល Patriot ថែមទៀត
តៃប៉ុ ៖ មន្ត្រីការពារជាតិតៃវ៉ាន់និយាយថ្មីៗនេះថ តៃវ៉ាន់គ្រោងនឹងបញ្ជាទិញប្រព័ន្ធការពារដែនអាកាស Patriot ឬPAC-3 MSE ចំនួន ៤គ្រឿងបន្ថែមទៀត និងមីស៊ីលរហូតដល់ ៥០០គ្រាប់ ដើម្បីត្រៀមខ្លួនទប់ទល់ការគំរាមកំហែង។
មន្ត្រីម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការបញ្ជាទិញនេះ អាចនឹងត្រូវចំណាយថវិកាពិសេស នៃលទ្ធកម្មការពារជាតិ ប្រហែល ៣២,៨៨ពាន់លានដុល្លារ។ ក្នុងនោះរួមមានការបញ្ជាទិញឧបករណ៍បាញ់មីស៊ីល គ្រាប់កាំជ្រួច និងប្រព័ន្ធរ៉ាដាការពារមីស៊ីលកម្រិតទាប។
មន្រ្តីដដែលបន្ថែមថា ការបញ្ជាួទិញនេះ ធ្វើឡើងបន្ទាប់ពីយោធាអាមេរិកបានផ្តល់អនុសាសន៍ឱ្យតៃវ៉ាន់បង្កើនស្តុកមីស៊ីលការពារដែនអាកាស និងប្រព័ន្ធបាញ់បង្ហោះមីស៊ីលចល័ត ពិសេសបង្កើនសមត្ថភាពឃ្លាំងផ្ទុកគ្រាប់រំសេវរបស់ខ្លួន។
គ្រឿងបង្គំដំបូងនៃប្រព័ន្ធ PAC-3 MSE ត្រូវបានគេរំពឹងថា នឹងចែកចាយនៅចុងឆ្នាំនេះ ហើយនឹងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Hualien និង Taitung ។ ប្រព័ន្ធការពារមីស៊ីល PAC-3 MSE មានមានសមត្ថភាពបាញ់ស្ទាក់កាំជ្រួចក្នុងរយៈកម្ពស់អតិបរិមាពី ៤៥គីឡូម៉ែត្រទៅ ៦០គីឡូម៉ែត្រ៕

ប្រភព ៖ Taipei Times ប្រែសម្រួល ៖ ឈឹម ទីណា