ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways បន្តឧត្តមភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងការសម្ពោធជើងហោះហើរដំបូងមកកាន់រាជធានីភ្នំពេញ
(ភ្នំពេញ)៖ ក្រុមហ៊ុន Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិដ៏ធំមួយ នៃប្រទេសអារ៉ាប់រួម បានប្រារព្ធពិធីសម្ពោធជើងហោះហើរថ្មីរបស់ខ្លួន មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជា ដោយនាំមកនូវបណ្តាញអាកាសចរណ៍ពិភពលោកមកកាន់គោលដៅចំនួន ៨៣។ ជើងហោះហើរថ្មីនេះ ក្រុមហ៊ុន Etihad Airways បានពង្រឹងការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការតភ្ជាប់ជាសកល និងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារនៅទូទាំងតំបន់មជ្ឈឹមបូព៌ា អឺរ៉ុប និងអាហ្វ្រិក ។
លោក Antonoaldo Neves នាយកប្រតិបត្តិក្រុមហ៊ុន Etihad Airways បានថ្លែងថា «យើងពិតជាមានមោទនភាព ដែលបានពង្រីកបណ្តាញរបស់យើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងនាំភ្ញៀវទេសចរកាន់តែច្រើនពីក្នុងតំបន់ ក្នុងការស្វែងយល់ពីមាតុប្រទេសយើង ជាមួយនឹងជើងហោះហើរដែលមានផាសុកភាព និងហោះត្រង់ទៅកាន់ទីក្រុងអាប៊ូដាប៊ី ដែលបង្កើតឱ្យមានការផ្សារភ្ជាប់ថ្មីសម្រាប់វិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងអាប៊ូដាប៊ី និងតំបន់ ។»
លោកបានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានលើកទឹកចិត្ត និងបំផុសឱ្យមានការធ្វើដំ ណើរទៅកាន់ទីកន្លែងដែលសម្បូរទៅដោយវប្បធម៌ និងភាពចម្រុះសម្បូរបែប ហើយប្រទេសកម្ពុជា គឺជាគោលដៅដ៏អស្ចារ្យមួយ ដែលមានទាំងតំបន់ទេសចរណ៍ធម្មជាតិ និងច្នៃបង្កើតឡើងដ៏អច្ឆរិយៈក្នុងការធ្វើដំណើរកំសាន្ត ។
លោកនាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងទៀតថា ដើម្បីជាការអបអរនៃការឈានជើងចូលក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Etihad ក្រុមហ៊ុនបាននាំមកនូវជើងហោះហើរចំនួន ៤ជើងក្នុងមួយសប្តាហ៍ ដែលតភ្ជាប់ប្រទេសកម្ពុជាជាមួយនឹងបណ្តាញជាសកលរបស់ទីក្រុងអាប៊ូដាប៊ី ហើយនឹងបង្កើនជើងហោះហើរទៅដល់ ៦ជើង ក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
នៅរាជធានីភ្នំពេញ អ្នកធ្វើដំណើរអាចដើរលេងកំសាន្តតាមមាត់ទន្លេដ៏រស់រវើក ដើរនៅតាមផ្សារ និងកន្លែងទទួលទានអាហារដ៏អស្ចារ្យផ្សេងៗ ។ ទីក្រុងនេះ បានដើរតួនាទីជាច្រកផ្លូវទៅកាន់មរតកវប្បធម៌នៃប្រទេសកម្ពុជា រួមមានប្រាសាទអង្គរវត្ត ដែលបានរួមបញ្ចូលនូវទម្រង់សិល្បៈ និងសិល្បៈម្ហូបអាហារដ៏ល្បីល្បាញ ដែលឆ្លុះបញ្ចាំងអំពីដួងព្រលឹងនៃភាពច្នៃប្រឌិតនៃពលរដ្ឋខ្មែរ ។
ដោយឡែកសម្រាប់អ្នកធ្វើដំណើរនៅកម្ពុជាវិញ ទីក្រុងអាប៊ូដាប៊ី គឺជារាជធានីដ៏រស់រវើក នៃប្រទេសអារ៉ាប់រួម ដែលផ្តល់នូវការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃបេតិកភណ្ឌវប្បធម៌ និងតំបន់ទាក់ទាញទំនើបៗជាច្រើន ដែលមានដូចជាវិហារដំ Sheikh Zayed ដ៏មហស្ចារ្យ និងសារមន្ទីរលំដាប់ពិភពលោក Louvre Abu Dhabi ដែលជាទីក្រុងបណ្តុំទៅដោយសិល្បៈ វប្បធម៌ និងភាពច្នៃប្រឌិត ។
អាកាសយាន្តដ្ឋានអន្តរជាតិ Zayed ដែលជាទីកន្លែងជាតំណាងនៃសិល្បៈ ផ្តល់នូវការតភ្ជាប់ដ៏រលូន និងធានាបាននូវបទពិសោធន៍ធ្វើដំណើរដែលរលូន និងប្រណិត។
ជើងហោះហើរថ្មីនេះ នឹងដំណើរការដោយយន្តហោះប្រភេទថ្មីម៉ូដែល A321LR របស់ក្រុមហ៊ុន Etihad ដែលនឹងនាំមកនូវកាប៊ីនយន្តហោះដ៏ប្រណិតដែលជាអត្តសញ្ញាណរបស់ Etihad និងបដិសណ្ឋារកិច្ចដ៏អស្ចារ្យ។ យន្តហោះ A321LR បំពាក់នូវការរៀបចំកាប៊ីនបីផ្នែក រួមមានកៅអី First Suites ដំបូងបង្អស់របស់ Etihad ដែលមានលក្ខណៈឯកជន កន្លែងបិទជិតជាមួយនឹងទ្វាររូត គ្រែរាបស្មើពេញ និងការរចនាដ៏អស្ចារ្យដែលជាធម្មតាមានតែសម្រាប់យន្តហោះដែលប្រតិបត្តិការផ្លូវឆ្ងាយ។
ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិ នៃប្រទេសអារ៉ាប់រួម បានបង្កើតឡើងនៅឆ្នាំ២០០៣ និងបានក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកឈានមុខគេមួយយ៉ាងឆាប់រហ័ស ។ ចេញដំណើរពីទីក្រុងអាប៊ូដាប៊ី ក្រុមហ៊ុន Etihad ដឹកអ្នកដំណើរ និងទំនិញទៅកាន់ដោលដៅនៅមជ្ឈិមបូព៌ា អាហ្វ្រិក អឺរ៉ុប អាស៊ី អូស្ត្រាលី និងអាមេរិកខាងជើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Etihad បានទទួលពានរង្វាន់ជាច្រើនសម្រាប់សេវាកម្ម និងផលិតផលដ៏ល្អឥតខ្ចោះរបស់ខ្លួន ការផ្តល់ជូនទំនិញ កម្មវិធីភក្ដីភាព និងច្រើនទៀត។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ etihad.com ៕











សម្រួលអត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វ៉េង លឹមហួត