បច្ចុប្បន្នកសិកម្មទំនើបមានចំនួន ២២ និងក្រសួងកសិកម្មគ្រោងបង្កើតសហគមន៍ទំនើបឱ្យបាន ៥០សហគមន៍
(ភ្នំពេញ)៖ បច្ចុប្បន្ននេះកម្ពុជាបានកំពុងប្រែក្លាយពីកសិកម្មបែបប្រពៃណីមកជាកសិកម្មទំនើប សំដៅធ្វើយ៉ាងណាឱ្យប្រជាកសិករអាចបង្កើនទិន្នផល និងការរកចំណូលបានប្រសើរជាងមុន។ តាមរយៈទំនើបកម្មនេះដែរគិតមកដល់ពេលនេះមានសហគមន៍ចំនួន ២២ហើយកំពុងបានចូលរួមសហគមន៍ទំនើប និងចំនួន៤ទៅ៥ទៀតកំពុងត្រៀមចូលរួមសហគមន៍ទំនើបនេះផងដែរ ។
គួរបញ្ជាក់ថា កសិកម្មបែបប្រពៃណី គឺជាកសិកម្មមួយប្រភេទ ដែលភាគច្រើនប្រើប្រាស់កម្លាំងមនុស្ស សត្វ និងបច្ចេកទេសបុរាណ ដែលតពីដូនតាស្ទើតែទាំងស្រុងក្នុងការបង្កបង្កើនផល។ ចំណែកឯ កសិកម្មបែបទំនើប គឺជាសកម្មភាពកសិកម្ម ដែលប្រើប្រាស់ឧបករណ៍ ឬគ្រឿងចក្រ និងបច្ចេកទេសនានាទំនើបៗ ដើម្បីធ្វើសកម្មភាពកសិកម្មជំនួសឱ្យកម្លាំងមនុស្ស សត្វ នៅគ្រប់ជំហានទាំងអស់។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនាថ្មីៗនេះថា៖បើតាមការរំពឹងក្នុងអំឡុងចុងឆ្នាំ២០២៥នេះនឹងអាចមានសហគមន៍ទំនើបកើនឡើងក្នុងរង្វង់ចំនួន៣០ហើយដែលបានចូលរួមក្នុងសហគមន៍ទំនើប។ក្នុងនេះបើគេគិតចំនួនគ្រួសារវិញគឺមានចំនួនជាង ៣០០០គ្រួសារ ដែលគ្របដណ្តប់លើដីកសិកម្មប្រមាណ ២ម៉ឺនហិកតា ។
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងបញ្ជាក់ដែរថា ៖ ”បច្ចុប្បន្ននេះយើងបានផ្តោតលើដំណាំចំនួន៤ប្រភេទក្នុងនេះមានដំណាំស្រូវ ដំណាំបន្លែ ម្រេច និងចន្ទី។ដោយឡែកយើងក៏មានដំណាំម្ទេសដែរ ប៉ុន្តែគេចាត់ទុកដំណាំម្ទេសក្នុងដំណាំបន្លែ”។
ទាក់ទិនទៅនឹងការបង្កើតសហគមន៍ទំនើបនេះ ត្រូវបាន ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានពន្យល់ប្រាប់ថា៖”សហគមន៍ទំនើបនីមួយៗសុទ្ធសឹងតែក្រសួងបានផ្សារភ្ជាប់ជាមួយទីផ្សារទុកជាមុនជានិច្ច។ នេះមានន័យថាការព្យាយាមលក់មុនការដាំដុះ។ទាំងនេះជាចំណុចពិសេសមួយដែលធ្វើឱ្យក្រុមសហគមន៍ទំនើបអាចមានទីផ្សារច្បាស់លាស់មួយដល់កសិករ មុនពេលដែលកសិករធ្វើកសិកម្មដាំដុះ។ ដូច្នេះមិនថាដំណាំរបស់យើងមិនថាជាដំណាំ បន្លែ ម្រេច ចន្ទី ស្រូវទេ យើងសុទ្ធតែមានការចុះកិច្ចសន្យាទុកជាមុន មុនពេលដែលធ្វើការរៀបចំឱ្យកសិករកសិកម្មទំនើបដាំដុះ”។
អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់បន្ថែមថា ៖ ជាទូទៅហើយប្រជាកសិករដែលបានចូលរួមសហគមន៍ទំនើបតែងទទួលបាននូវអត្ថប្រយោជន៍ច្រើនក្នុងនេះទាំងការគាំទ្របច្ចេកទេស ការគាំទ្រដើមទុន និងការគាំទ្រផ្នែកទីផ្សារ ។ សម្រាប់បច្ចេកទេសគឺខាងមន្រ្តីកសិកម្មឃុំជាអ្នកជួយគាំទ្រ, សម្រាប់ដើមទុនក្រសួងជួយតភ្ជាប់ដើម្បីធ្វើយ៉ាងណាឱ្យកម្ចីមានការប្រាក់ទាប ដោយកសិករមិនចាំបាច់ដាក់ទុនរបស់គាត់ចូលក្នុងការធ្វើកសិកម្មទេ។ក្រៅពីនេះក៏មានការជួយគាំទ្រច្រើនផ្នែកទៀតដូចជាការជួយគាំទ្រផ្នែកខាងហេរដ្ឋារចនាសម្ព័ន្ធ មានការជួយខាងអង្គការដៃគូ ជួយធ្វើឃ្លាំង ជួយធ្វើទីធ្លា ហាលសម្ងួត ឱ្យជាឧបករណ៍ សម្ភារៈ រថយន្តដឹកជញ្ជូនជាដើម។សម្រាប់ចំណុចពិសេសមួយទៀតរបស់កសិកម្មទំនើបគឺកាត់បន្ថយថ្លៃដើម។រហូតមកដល់ពេលនេះកសិករដែលស្ថិតនៅក្នុងកសិកម្មទំនើបពួកគាត់ទទួលបានដូចជាជីដែលមានតម្លៃថោកជាងជីដែលគាត់បានទិញខ្លួនឯង ចាប់ពីរង្វង់១៥ទៅ២០ភាគរយ ។ទាំងអស់នេះហើយដែលកសិករបានទទួលពីកសិកម្មទំនើប និងក៏ដូចជា ក្រសួងកសិកម្មបានជំរុញលើកទឹកចិត្តដល់កសិករពិចារណាចូលរួម ជាមួយ សហគមន៍ កសិកម្មទំនើប។
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងដែរថាថ្ងៃខាងមុខនេះក្រសួងគ្រោងនឹងបង្កើតសហគមន៍ទំនើបឱ្យបានចំនួន៥០សហគមន៍ ដែលក្នុងនេះគោលដៅគឺបង្កើតសហគមន៍ធំៗដូចជា សហគមន៍ស្រូវជាដើម។
គួរបញ្ជាក់ថា នៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបានបង្ហាញការអបអរសាទរដល់សហគមន៍កសិកម្មទំនើប ផងដែរ ពោលគឺក្រោយសម្របសម្រួលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានចុះកិច្ចសន្យាទិញស្រូវស្រង៉ែជាង ៣០០០០តោន ពីសហគមន៍កសិកម្មទំនើបចំនួន៦ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងតម្លៃចន្លោះពី៩៥០៛-១០៥០៛ ក្នុងមួយគីឡូក្រាមទៀតផង៕







ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត