ឱកាសការងារជាង ៣ម៉ឺនកន្លែង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិប្រឆ្នាំ ថ្ងៃទី១-២ ខែវិច្ឆិកា ខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ
(ភ្នំពេញ)៖ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នឹងរៀបចំឡើងរយៈពេល ០២ថ្ងៃ ចាប់ពី ថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំនេះនឹងរៀបចំឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»។
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំឡើង ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។
ពិព័រណ៍ការងារនេះរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាជួបជុំដ៏ធំរវាង អ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ ព្រមទាំង បង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ។
ជាមួយគ្នានេះ ពិព័រណ៍ការងារថ្នាក់ជាតិឆ្នាំនេះ ក៏នឹងរួមបញ្ចូលនូវកិច្ចពិភាក្សា និងការប្រកួតប្រជែងនិយាយជាសាធារណៈ ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» ក្នុងគោលបំណងបំផុសគំនិតទាក់ទងនឹងផលិតភាពការងារ ដោយមានការចែករំលែកចំណេះដឹង បទពិសោធល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗដែលមានបទពិសោធយូរឆ្នាំនៅក្នុងវិស័យការងារ។
យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការរងារ កុំភ្លេចត្រៀម CV ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើន និងអាចចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញជាច្រើនផងដែរ។ បងប្អូនពលករក៏អាចចូលរួមដាក់ពាក្យការងារបានផងដែរ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រ http:/careerfair.nea.gov.kh។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ៕






ដោយ ៖ ង៉ាន់ ទិត្យ