រដ្ឋបាលខេត្តសៀមរាបរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
សៀមរាប៖ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីដង្ហែក្បួនក្នុងន័យប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវឆ្លើយថាទេជំពោះព័ត៌មានក្លែងក្លាយ ដែលបានរៀបចំឡើង ដោយមន្ទីរព័ត៌មានខេត្តសៀមរាប ។
ពិធីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥មានការអញ្ជើញចូលរួមពីកងកម្លាំងទាំង៣ប្រភេទមន្រ្តីនៃមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត សិស្សានុសិស្សយ៉ាងច្រើនកុះករដោយដង្ហែចាប់ពីសួនច្បារព្រះរាជដំណាក់ ឆ្ពោះទៅតាមផ្លូវមាត់ស្ទឹង ទៅបញ្ចប់នៅរង្វង់មូលនាគបាញ់ទឹកផ្សារចាស់ ។
ក្នុងឱកាសនេះលោក សុខ ថុល អភិបាលរងខេត្តបានអំពាវនាវឱ្យមន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ច សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅពេលប្រើប្រាស់បណ្តាញសង្គម ត្រូវបង្កើនការប្រុងប្រយ័ត្នស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់មុននឹងចែករំលែក ។លោកបន្ថែមថា ព័ត៌មានក្លែងក្លាយមិនត្រឹមតែប៉ះពាល់ដល់ឥទ្ធិពលរដ្ឋាភិបាលនោះទេ ប៉ុន្តែអាចបង្កឱ្យមានភាពចលាចល និងប៉ះពាល់ដល់សន្តិសុខសង្គមផងដែរ ។
លោក យឿន ចាន់ អនុប្រធានទទួលបន្ទុករួមមន្ទីរព័ត៌មានខេត្តសៀមរាបបានបញ្ជាក់ថាការចាប់ផ្ដើមបើកយុទ្ធនាការទ្រង់ទ្រាយធំនាពេលនេះក្នុងគោលបំណងកាត់បន្ថយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ពីលំហព័ត៌មានក្នុងសង្គមកម្ពុជា ។ យុទ្ធនាការនៅខេត្ត”សៀមរាបនេះ គឺជាគោលដៅទី៦ នៃការអនុវត្តយុទ្ធនាការទូទាំងប្រទេស ក្រោមទិសស្លោក “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!” ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយក្រសួងព័ត៌មាន។
លោកអនុប្រធានមន្ទីរ បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រុមការងារនៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រា និងទប់ស្កាត់ព័ត៌មានក្លែងក្លាយសរុបចំនួន ៣ ៦៥១ ករណី ដែលជាចំនួនកើនឡើងប្រមាណ ១៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣ ២០៨ ករណី។ លោកថា សម្រាប់គោលដៅចុងក្រោយនៃយុទ្ធនាការនេះ គឺកាត់បន្ថយព័ត៌មានក្លែងក្លាយឱ្យមកនៅកម្រិតអប្បបរមា សំដៅធានាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព៕





ដោយ៖ ប៊ុន រដ្ឋា