ក្រសួងរៀបចំដែនដី បាននិងកំពុងអនុវត្តនូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តនូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ការពារកុំឱ្យការបែកបាក់វិលត្រលប់មកវិញសម្រាប់ប្រជាជនតជំនាន់។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញជូនសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្តីពីអភិបាលកិច្ច និងផែនការអនុវត្តការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រោយឈានទៅបញ្ចប់ការបង្កើតបរិយាកាសមិនមានវិវាទ ក្រសួងបានងាកមកការងាររៀបចំដែនដី និងនគរូបនីយកម្ម ដោយកសាងទីប្រជុំជន និងលំហសាធារណៈឱ្យមានជីវិត និងធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពកាន់តែប្រសើរ និងចូលរួមចំណែកកសាងខឿនសេដ្ឋកិច្ចកម្ពុជា ដើម្បីកម្ពុជាជាប្រទេសមានភាពរឹងមាំ រស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ ពីសមរភូមិទាំង៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលក្នុងនោះរួមមាន ៖

១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ ៖ បន្តនិរន្តភាពការងារ និងដំណើរការស្ថាប័ន រក្សាស្មារតី និងសតិអារម្មណ៍ឱ្យបាននឹងនរ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងកសាងបាននូវជំនឿ និងទំនុកចិត្តលើការដឹកនាំជារួម
២. ការបង្កើតនូវបរិយាកាសគ្មានវិវាទ ៖ ការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី សេវាគាប់ចិត្ត ការរក្សាអាយុជីវិតបឹងទន្លេសាប តំបន់រមណីយដ្ឋានសៀមរាប-អង្គរ ការដោះស្រាយបញ្ហាចម្រូងចម្រាសតាមបុរី
៣. ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការពង្រឹងសមត្ថភាពមន្ត្រី មូលដ្ឋានថវិកា និងហិរញ្ញវត្ថុ ប្រព័ន្ធលើកទឹកចិត្តមន្ត្រី ការងារអប់រំផ្សព្វផ្សាយ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង និងការរៀបចំគោលនយោបាយ ច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្ត
៤. ការងាររៀបចំដែនដី និងនគរូបនីយកម្ម ៖ ការកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ប្រជុំជន និងទីក្រុង ការកសាងទីប្រជុំជនជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ការរៀបចំរបៀង និងប៉ូលសេដ្ឋកិច្ច ការរៀបចំសួននិងលំហសាធារណៈ
៥. កិច្ចការលំនៅឋាន ៖ ការអភិវឌ្ឍ “លំនៅឋានតម្លៃសមរម្យ” មូលនិធិលំនៅឋាន សំណង់អគារចាស់ទ្រុឌទ្រោម សំណង់មិនរៀបរយ
៦. គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច ៖ ការបែងចែកដីធ្លី និងផ្ទះសម្បែង ការផ្តល់ពូជសត្វ និងដំណាំគ្រប់ប្រភេទ ការកសាងសហគមន៍ភាព និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ នាំចេញនៅហ្នឹងកន្លែង ភូមិមួយ ផលិតផលមួយ
៧. ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ៖ វិស័យសំណង់ និងស្ថាបត្យកម្ម គិតគូរពីសុវត្ថិភាព គុណភាព និងសោភណភាព រចនាបទ និងការឌីសាញសហសម័យ ច្បាប់ស្តីពីសំណង់ ការកាត់បន្ថយហានិភ័យនិងគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យសំណង់ ការគ្រប់គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់និងស្ថាបត្យកម្ម
៨. ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
៩. កម្ពុជារុងរឿង ដង្ហើមសេដ្ឋកិច្ច ៖ ឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មគ្រឿងតុបតែងលម្អ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មហិរញ្ញវត្ថុនិងធនាគារ ឧស្សាហកម្មប្រាក់កម្ចី ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner