មេដឹកនាំកោះតៃវ៉ាន់ថា លោក ត្រាំ សមទទួលពានណូបែល បើអាចទប់ចិនកុំឱ្យប្រើកម្លាំងលើខ្លួន

តៃប៉ិ ៖ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching te និយាយថា មេដឹកនាំអាមេរិក លោក Donald Trump គួរតែទទួលបានពានរង្វាន់ណូបែលសន្តិភាព បើសិនលោកអាចបញ្ចុះបញ្ចូលប្រមុខរដ្ឋចិន លោក Xi Jinping ឱ្យបោះបង់ការប្រើប្រាស់កម្លាំងប្រឆាំងនឹងកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។

លោកប្រធានាធិបតី Lai បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី The Clay Travis and Buck Sexton Show ក្នុងសប្ដាហ៍នេះថា ប្រសិនបើលោកប្រធានាធិបតី Trump អាចបញ្ចុះបញ្ចូលលោកប្រធានាធិបតី Xi ឱ្យបោះបង់ចោលជាអចិន្ត្រៃយ៍នូវការឈ្លានពានផ្នែកយោធាប្រឆាំងនឹងកោះតៃវ៉ាន់ នោះលោកប្រធានាធិបតី Trump ប្រាកដជាឈ្នះរង្វាន់ណូបែលសន្តិភាព។ ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥ នឹងត្រូវប្រកាសនៅប្រទេសន័រវេសនៅថ្ងៃទី១០ ខែតុលាខាងមុខ។

មេដឹកនាំតៃវ៉ាន់វ័យ៦៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា បើសិនចិនអាចគ្រប់គ្រងកោះតៃវ៉ាន់បាន នោះចិននឹងមានអំណាចកាន់តែខ្លាំង ដើម្បីប្រជែងជាមួយ សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ។ និយាយជារួម វាក៏គំរាមកំហែងដល់ផលប្រយោជន៍អាមេរិកផងដែរ ដូច្នេះលោកសង្ឃឹមថា លោកប្រធានាធិបតី Trump នឹងបន្តថែរក្សាការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ឆ្លើយតបការគំរាមកំហែងរបស់ចិន លោកប្រធានាធិបតី Lai បានកំណត់គោលដៅបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០៣០។

លោកប្រធានាធិបតី Lai ក៏បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិនលើកោះតៃវ៉ាន់ផងដែរ ដោយនិយាយថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ។ យ៉ាងណា សម្រាប់ចិនវិញបានចាត់ទុកមេដឹកនាំតៃវ៉ាន់រូបនេះ ជាជនឧទ្ទាមផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ម្នាក់ ដែលគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner