អភិបាលខេត្តកំពង់ចាមអំពាវនាវដល់កសិករឱ្យនាំយកសត្វពាហនៈចាក់វ៉ាក់សាំង

កំពង់ចាម៖ក្នុងឱកាសចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈ នៅឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់​ដល់កសិករដែលនាំយកគោ ក្របី មកទទួលវ៉ាក់សាំងឱ្យជួយផ្សព្វផ្សាយទៅដល់បងប្អូន  សាច់ញាតិ និងអ្នកចិញ្ចឹម​សត្វទាំងអស់នៅតាមភូមិនីមួយៗ ឱ្យនាំសត្វពាហនៈទាំងតូច  ទាំងធំ យកមកចាក់វ៉ាក់សាំង​ការពារជំងឺ​ផ្សេងៗ ដើម្បីការពារសុខភាពសត្វ គោ ក្របី ។
ដោយមានវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមចូលរួមផង    ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងថា ចាក់វ៉ាក់សាំងសត្វក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ។ជាក់ស្តែងក្នុងថ្ងៃនេះ រដ្ឋបាល​ខេត្តកំពង់ចាម បានចុះមកចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី របស់ប្រជាកសិករ ដើម្បីរួមចំណែកកាត់បន្ថយ​ការចំណាយរបស់ប្រជាពលរដ្ឋ ហើយក៏ចូលរួមចំណែកទប់ស្កាត់ពីជំងឺអាសន្នរោគ ដែលជាមេរោគបង្កហានិភ័យ​ដល់សត្វចិញ្ចឹម។                  

ឯកឧត្តមបានបន្ថែមថា ប្រសិនប្រជាកសិករ ជួបប្រទះសត្វដែលផ្ទុកជំងឺ សុំឆាប់រាយការណ៍ទៅមន្រ្តីកសិកម្ម​ឃុំ​ជា​បន្ទាន់ ដើម្បីឱ្យអ្នកជំនាញចុះទៅពិនិត្យ ព្យាបាលជូនបានទាន់ពេល។ឯកឧត្តម ក៏បានក្រើនរំលឹកផងដែរ កុំ​បរិភោគ​សត្វដែលជំងឺ ព្រោះវាអាចបង្កការប៉ះពាល់ដល់សុខភាពមនុស្ស៕

ដោយ៖លី ពៅ

ads banner