ការលក់ឡានអគ្គិសនីចិន BYD នៅចក្រភពអង់គ្លេសកើនឡើងមិនធ្លាប់មានជាង ៨០០%

ឡុងដ៍ ៖ ក្រុមហ៊ុនផលិតឡានយក្សចិន BYD មានជំនឿចិត្តខ្ពស់ថា ចក្រភពអង់គ្លេសនឹងក្លាយជាទីផ្សារធំបំផុតរបស់ខ្លួនក្រៅពីប្រទេសចិន បន្ទាប់ពីការលក់នៅទីនោះបានកើនឡើងដល់ទៅ ៨៨០ភាគរយក្នុងខែកញ្ញា បើធៀបនឹងឆ្នាំមុន។

ក្រុមហ៊ុន BYD និយាយថា ខ្លួនបានលក់ឡានចំនួន ១១,២៧១គ្រឿងនៅក្នុងទីផ្សារចក្រភពអង់គ្លេសកាលពីខែមុន ដែលភាគច្រើនជាឡានកូនកាត់សាំង-អគ្គិសនី Seal U sport utility vehicle (SUV)។

អ្នកគ្រប់គ្រងក្រុមហ៊ុន BYD នៅចក្រភពអង់គ្លេស លោក Bono Ge បាននិយាយថា ឆ្លើយតបនឹងកំណើនតម្រូវការអតិថិជននៅលើទីផ្សារអង់គ្លេស ក្រុមហ៊ុននឹងបញ្ចេញឡានកូនកាត់ និងឡានអគ្គិសនីថ្មីបន្ថែមទៀត ក្នុងពេលប៉ុន្មានខែខាងមុខទៀតនេះ។ លោកថា អនាគតរបស់ស្លាកយីហោ BYD នៅក្នុងចក្រភពអង់គ្លេស នឹងកាន់តែរីកធំជាងមុន បន្ទាប់ពីទើបបានបើកហាងលក់រាយទី១០០របស់ខ្លួន។

ការប្រកាសរបស់ BYD នេះកើតឡើងបន្ទាប់ពីតួលេខរបស់ស្ថាប័នឧស្សាហកម្មរថយន្តនៃសមាគមក្រុមហ៊ុនផលិតរថយន្ត និងពាណិជ្ជកររបស់ចក្រភពអង់គ្លេស ហៅកាត់ (SMMT) បានបង្ហាញថា ការលក់ឡានអគ្គិសនីបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែកញ្ញា។

គួរបញ្ជាក់ថា ការលក់ឡានអគ្គិសនីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងខ្ពស់បំផុតកាលពីខែកញ្ញា ដោយការលក់ឡានអគ្គិសនីសុទ្ធបានកើនឡើងដល់ជិត ៧៣,០០០គ្រឿង ខណៈដែលការលក់ឡានអគ្គិសនី-សាំង (Plug-in Hybrid) ក៏បានកើនឡើងក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ផងដែរ នេះបើយោងតាមទិន្នន័យរបស់ស្ថាប័ន SMMT។

ក្នុងនោះឡាន Kia Sportage, Ford Puma និង Nissan Qashqai គឺជាឡានដែលលក់ដាច់បំផុតនៅក្នុងខែកញ្ញា។ ចំណែកឡានម៉ូដែលចិន Jaecoo 7 និង BYD Seal U ក៏ស្ថិតក្នុងលំដាប់កំពូលទាំង១០ផងដែរ៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner