ឥណ្ឌាគ្រោងទិញប្រព័ន្ធការពារអាកាសរុស្ស៊ីបន្ថែម អំឡុងទស្សនកិច្ចរបស់លោក ពូទីន

ញូវ ដែល្លី ៖ ឥណ្ឌាគ្រោងនឹងទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី ចំនួន៥គ្រឿង បន្ថែមទៀត អំឡុងដំណើរទស្សនកិច្ច របស់លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុង ញូវ ដែល្លី នាដើមខែធ្នូ ខាងមុខនេះ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី៦ ខែតុលា បានឲ្យដឹងថា S-400 បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារមូលដ្ឋានទ័ពអាកាស របស់ឥណ្ឌា និងការដំឡើងកម្រិតយោធាផ្សេងទៀត ប្រឆាំងនឹងការវាយប្រហារ របស់ប៉ាគីស្ថាន ក្នុងអំឡុងពេល នៃការប្រឈមមុខដាក់គ្នា រយៈពេល៤ថ្ងៃ រវាងប្រទេសជិតខាង នៅអាស៊ីខាងត្បូង ទាំងពីរ កាលពីខែឧសភា។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសរសើរពីសមត្ថភាពការពារដែនអាកាសរបស់ប្រទេស ជាពិសេស ការអនុវត្តប្រព័ន្ធការពារដែលផលិតដោយរុស្ស៊ី ។

ឥណ្ឌាបានទទួលបានការផ្គត់ផ្គង់ S-400 ចំនួន៣គ្រឿង រួចមកហើយ ក្នុងចំណោម៥គ្រឿង ដែលខ្លួនបានទិញ ពីប្រទេសរុស្ស៊ី ក្នុងតម្លៃ ៥.៤៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨។ នៅសល់ ២គ្រឿងទៀត គ្រោងនឹងដឹកជញ្ជូនឲ្យ នៅឆ្នាំ២០២៦។

ក្រៅពីប្រព័ន្ធ S-400 រដ្ឋាភិបាលទីក្រុង ញូវ ដែល្លី ក៏កំពុងស្វែងរកទិញមីស៊ីល RVV-BD ពីប្រទេសរុស្ស៊ី ដែលបាញ់បានចម្ងាយ ២០០គីឡូម៉ែត្រ ដើម្បីផ្តល់ថាមពល ដល់យន្តហោះចម្បាំង ប្រភេទ Su-30 MKI របស់ខ្លួន។

បច្ចុប្បន្ន យោធាឥណ្ឌា ពឹងផ្អែកយ៉ាងខ្លាំងលើសព្វាវុធ ដែលផលិតដោយរុស្ស៊ី ក្នុងនោះ ប្រហែល ៦០% នៃឃ្លាំងអាវុធ របស់ប្រទេសនេះ ត្រូវបានផលិតដោយ ដៃគូ ភាគខាងជើង មួយនេះ។

ជុំវិញការទិញ S-400 បន្ថែម នេះដែរ ទីភ្នាក់ងារព័ត៌មាន Hindustantimes បានចេញផ្សាយថា
មន្ត្រីក្រសួងការពារជាតិឥណ្ឌា និង រុស្ស៊ី ត្រូវជួបគ្នា នៅក្នុងសប្តាហ៍នេះ សម្រេចលើការបញ្ជាទិញ មុនពេលដែល ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងហោះទៅដល់ប្រទេសឥណ្ឌា នៅថ្ងៃទី ៥ ខែធ្នូ ដើម្បីរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ។

ប្រភពបានបញ្ជាក់ថា ឥណ្ឌាចង់ទិញបន្ថែម ដើម្បីការពារ ទប់ស្កាត់ការវាយប្រហារណាមួយ នៅទូទាំងឆ្នេរសមុទ្រ ៧០០០ គីឡូម៉ែត្រ បន្ថែមទៀត និង ដើម្បីបិទគម្លាតការពារដែនអាកាស នៅក្នុងតំបន់បញ្ជាការ ភាគខាងជើង៕

ប្រភពពី RT, Hindustantimes ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner