ក្រសួងសុខាភិបាល និង សម្ព័ន្ធវ៉ាក់សាំង Gavi នឹងបន្តសហការក្នុងការការពារជំងឺមហារីកមាត់ស្បូន តាមរយ:កម្មវិធីផ្តល់វ៉ាក់សាំងដល់ស្រ្តី នៅកម្ពុជា

(ភ្នំពេញ)៖ នាយកសម្ព័ន្ធវ៉ាក់សាំង Gavi ប្រចាំតំបន់អឺរ៉ុប តំបន់អាស៊ី និងតំបន់អាហ្វ្រិកខាងត្បូង បានបញ្ជាក់ពីការសហការគាំទ្រ ក្រសួងសុខាភិបាលយ៉ាងជិតស្និទ្ធ តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ផ្តល់ជំនួយឥតសំណងដល់កម្ពុជា ទាំងថវិកា និងបច្ចេកទេសក្នុងការផ្តល់ថ្នាំបង្ការ ដើម្បីបង្កើនអត្រាគ្របដណ្តប់វ៉ាក់សាំង ព្រមទាំងគាំទ្រសកម្មភាពបញ្ចូលវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រសួងសុខាភិបាលកម្ពុជា ។

ការបញ្ជាក់បែបនេះក្នុងជំនួបរវាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត Sam Muller នាយកសម្ព័ន្ធវ៉ាក់សាំង Gavi ប្រចាំតំបន់អឺរ៉ុប តំបន់អាស៊ី និងតំបន់អាហ្វ្រិកខាងត្បូង និងក្រុមការងារ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់សម្ព័ន្ធវ៉ាក់សាំង Gavi តាមរយ:ការបង្ហាញនូវលទ្ធផល នៃការវាយតម្លៃរួមការងារផ្តល់ថ្នាំបង្ការ ជាពិសេសចំណុចដែលត្រូវខិតខំបន្ថែមទៀត លទ្ធផលនេះជាព័ត៌មានយ៉ាងសំខាន់ សម្រាប់ពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងរៀបចំកែសម្រួលយុទ្ធសាស្ត្រជាតិផ្តល់ថ្នាំបង្ការឱ្យស្របតាមយុទ្ធសាស្ត្រ Gavi 6.0 (2026-30) នាពេលខាងមុខនេះ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានប្តេជ្ញាចិត្តថាក្រសួងសុខាភិបាល នឹងបន្តយកចិត្តទុកដាក់សម្របសម្រួលជាមួយស្ថាប័ន ដៃគូរពាក់ព័ន្ធ ដើមី្បកុមារ និងស្ត្រីកម្ពុជាទទួលនូវអត្រាគ្រប់ដណ្តប់តាមគោលដៅ ។

លោកប្រធានគណៈប្រតិភូ ថ្លែងកោតសសើរអំពីភាពជាអ្នកដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រុមការងារថ្នាក់ជាតិទទួលបន្ទុកកម្មវិធីវ៉ាក់សាំង ដោយមើលឃើញ ពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន ព្រមទាំងពាំនាំការពន្យល់ពីភាពចាំបាច់ដែល Gavi និងប្រទេសជាដៃគូទទួលជំនួយទាំងអស់ ត្រូវសម្របខ្លួន តាមយុទ្ធសាស្ត្រ Gavi 6.0 ចាប់ពីឆ្នាំ២០២៦ នេះតទៅ ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសម្ព័ន្ធវ៉ាក់សាំង Gavi ដែលបានជម្រាបជូនពីការគាំទ្ររបស់ខ្លួន ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner