ក្នុងត្រីមាសទីមួយឆ្នាំ២០២៥ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃបានដោះលែងសត្វព្រៃសរុប ១៦៤ ក្បាល
(ភ្នំពេញ)៖ គិតត្រឹមត្រីមាសទីមួយឆ្នាំ២០២៥ យើងបានដោះលែងសត្វព្រៃសរុប ១៦៤ ក្បាល រួមមានពស់ថ្លាន់ ៨០ ក្បាល ស្វាព្រាម ១១ ក្បាល និងទោចម្កុដ ១៦ ក្បាល ចូលទៅក្នុងព្រៃដែលជាជម្រកធម្មជាតិរបស់ពួកគេឡើងវិញ។នេះបើតាមការឱ្យដឹងពីសំណាក់ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia)។
អង្គការសម្ព័ន្ធមិត្ដសត្វព្រៃបានឱ្យដឹងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ថា ៖ ការដោះលែងនេះជានិមិត្តរូបនៃក្តីសង្ឃឹមនិងអំណាចដែលនាំមកនូវការផ្លាស់ប្តូរតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការអភិរក្ស។
គួរបញ្ជាក់ថា ក្នុងថ្ងៃនេះ អបអរសាទរ ទិវាសត្វពិភពលោកនាថ្មីៗមកនេះដែរ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានបង្ហាញពីការតាំងចិត្តការពារសត្វព្រៃទាំងអស់ ជាពិសេសសត្វព្រៃនៅកម្ពុជា។
អង្គការមួយនេះបានលើកឡើងថា”តាមរយៈការការពារព្រៃឈើ យើងអាចបង្កើតជាជម្រកសុវត្ថិភាពសម្រាប់សត្វដ៏អស្ចារ្យទាំងនេះឱ្យរស់នៅក្នុងភាពសុខដុមជាមួយបរិស្ថានធម្មជាតិរបស់ពួកគេ។ យើងរួមគ្នាដើម្បីធានាថា មនុស្សជំនាន់ក្រោយនឹងទទួលបានភពផែនដី ដែលសម្បូរទៅដោយជីវចម្រុះ និងសោភ័ណភាព” ៕
ដោយ ៖ ម៉ាដេប៉ូ




