ព្រឹទ្ធសភាកម្ពុជាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសពីទង្វើគ្មានការគោរព និងគ្មានសីលធម៌របស់ជនជាតិថៃមួយចំនួនមកលើសម្តេច តេជោ ហ៊ុន សែន និង ឥស្សរជនផ្សេងទៀតរបស់កម្ពុជា

(ភ្នំពេញ)៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២៥បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងនូវការសោកស្តាយជាពន់ពេក និងបានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើវាយប្រហារ និងគ្មានការគោរព ប្រព្រឹត្តមកលើ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ ។

ក្នុងសេចក្តីថ្លែងការណ៍នេះបានចាត់ទុកថាចំពោះអាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះ ពាល់ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។

ជាមួយគ្នានេះព្រឹទ្ធសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ការបញ្ចេញមតិកាលពីថ្ងៃទី៦ តុលា២០២៥ របស់សម្តេច តេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពី ភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។

នៅចំពោះមុខការបង្កហេតុដោយចេតនានេះដែរ សម្តេចតេជោ បានអំពាវនាវដល់ប្រជាជនខ្មែរ ទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិ និងការអត់ធ្មត់។ ការអំពាវនាវនេះបានបង្ហាញពីចរិតថ្លៃថ្នូរដ៏ឧត្តុង្គឧត្តម និងភាពស្អាតស្អំខាងសីលធម៌ ដែលបន្តជំរុញឱ្យមានសន្តិភាព និងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជា និងតំបន់។

ព្រឹទ្ធសភាកម្ពុជាបាន គាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចតេជោ ដើម្បីលើកកម្ពស់ អធិបតេយ្យភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា។ ការពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់ បន្ថយការពឹងផ្អែកលើខាងក្រៅ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការពង្រឹងការគ្រប់គ្រងខ្លួនឯង ភាព ធន់របស់ជាតិ និងឯករាជ្យភាព ។

ទន្ទឹមនឹងនេះ ព្រឹទ្ធសភាក៏សូមគូសបញ្ជាក់អំពីទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រថៃ ក្នុងការចាត់វិធានការសមស្របដើម្បីដោះស្រាយបញ្ហានេះ ក្នុងលក្ខណៈសមស្របជា ប្រទេសជាតិមួយដែលមានអរិយធម៌ និងថ្លៃថ្នូរ ដើម្បីទប់ស្កាត់កុំឲ្យអំពើស្រដៀងគ្នានេះកើតឡើងនៅ ពេលអនាគត។

ក្នុងសេចក្តីថ្លែងការណ៍នេះដែរព្រឹទ្ធសភាកម្ពុជាក៏បានគូសបញ្ជាក់សាជាថ្មីថា មិត្តភាពរវាងកម្ពុជា និងថៃ ត្រូវតែផ្អែកលើគុណតម្លៃនៃ ការយោគយល់គ្នា ការគោរពគ្នាទៅវិញទៅមក និងសមភាព ដែលជាកត្តាចាំបាច់ដើម្បីទ្រទ្រង់សន្តិភាព យូរអង្វែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner