បង់ក្លាដែសគ្រោងចំណាយលុយរាប់ពាន់លានដុល្លារទិញយន្តហោះចម្បាំងពហុមុខងារ J-10CE របស់ចិន
ដាកា ៖ មេទ័ពអាកាសកំពូលបង់ក្លាដែស លោក ហាសាន់ ម៉ាម៊ូដ ខាន់ បានប្រកាសកាលពីខែមុនថា រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែសបានបើកភ្លើងខៀវសម្រាប់ការបញ្ជាទិញយន្តហោះចម្បាំង និងយន្តហោះប្រយុទ្ធពហុមុខងារជាច្រើនគ្រឿង បូករួមទាំងមីស៊ីលបាញ់ពីដីទៅអាកាសថ្មី និងប្រព័ន្ធរ៉ាដារយៈចម្ងាយឆ្ងាយ។
យ៉ាងណាមិញ លោក ខាន់ មិនបានបញ្ជាក់លំអិតថាតើយន្តហោះចម្បាំងប្រភេទណា ដែលកងទ័ពអាកាសបង់ក្លាដែសគ្រោងបញ្ជាទិញនោះទេ ប៉ុន្តែមានការំពឹងខ្ពស់លើការបញ្ជាទិញយន្តហោះចម្បាំង J-10CE ពីប្រទេសចិន។
យោងតាមប្រភពពីរដ្ឋាភិបាលបានឱ្យដឹងថា កងទ័ពអាកាសបង់ក្លាដែសអាចនឹងបញ្ជាទិញយន្តហោះចម្បាំង J-10CE ដល់ទៅ ២០គ្រឿងនៅឆ្នាំ ២០២៧។ ប៉ុន្តែគណៈកម្មាធិការអន្តរក្រសួងដែលដឹកនាំដោយលោក ខាន់ នៅតែត្រូវការការយល់ព្រមពីរដ្ឋាភិបាល និងការចរចាជាមួយមន្ត្រីចិន។
យោងតាមការប៉ាន់ប្រមាណរបស់ការិយាល័យទីប្រឹក្សារដ្ឋាភិបាលបានឱ្យដឹងថា ការបញ្ជាទិញយន្តហោះចម្បាំងនេះ នឹងមានតម្លៃប្រហែល ១.២ពាន់លានដុល្លារ ខណៈការចំណាយផ្សេងទៀត មានដូចជាការហ្វឹកហាត់ និងគ្រឿងបន្លាស់ នឹងមានតម្លៃប្រមាណ ២.២ពាន់លានដុល្លារ។ ហើយការទូទាត់សរុបអាចនឹងត្រូវបង់ជាដំណាក់កាលក្នុងរយៈពេល១០ឆ្នាំរហូតដល់ពាក់កណ្តាលឆ្នាំ ២០៣០៕
ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា
