អាហ្វហ្គានីស្ថាន ថា វត្តមានទ័ពបរទេស «មិនអាចទទួលយកបាន»

មូស្គូ ៖ រដ្ឋមន្ត្រីការបរទេស ប្រទេសអាហ្វហ្គានីស្ថាន បានថ្លែងចេញពីរុស្ស៊ី ថា វត្តមានកងទ័ពបរទេស «មិនអាចទទួលយកបាន» ខណៈដែលមានចចាមអារ៉ាម អំពីការវិលត្រឡប់ របស់កងកម្លាំងអាមេរិក។

លោក Amir Khan Muttaqi រដ្ឋមន្ត្រីការបរទេស អាហ្វហ្គានីស្ថាន នៃ រដ្ឋាភិបាល តាលីបង់ បាននិយាយថា វត្តមានយោធាបរទេសណាមួយ រួមទាំង ពាក្យចចាមអារ៉ាម អំពីការវិលត្រឡប់ របស់កងកម្លាំងអាមេរិក ទៅកាន់មូលដ្ឋានទ័ពអាកាស Bagram គឺ «មិនអាចទទួលយកបាន សម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន»។

ថ្លែងអំឡុងកិច្ចប្រជុំកំពូលក្នុងតំបន់ ស្តីពី អាហ្វហ្គានីស្ថាន ដែលរៀបចំឡើង នៅឯទីក្រុង មូស្គូ លោក Muttaqi បាននិយាយទៀតថា សន្តិសុខបានវិលត្រឡប់មកប្រទេសវិញ «បន្ទាប់ពី ៤ ទសវត្សរ៍» ដោយបង្កើតឱកាសថ្មី សម្រាប់ការវិនិយោគ និង ពាណិជ្ជកម្ម។ លោក Muttaqi បន្ថែមថា គ្មានមូលដ្ឋានក្រុមភេរវករ ឬ ការដាំដុះគ្រឿងញៀន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយ គេជំរុញឱ្យរដ្ឋជិតខាង ទប់ស្កាត់ ការផលិតគ្រឿងញៀន។

គួរបញ្ជាក់ថា ចាប់តាំងពីពួក តាលីបង់ បានកាន់កាប់អាហ្វហ្គានីស្ថាន ក្នុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីការដកថយ របស់កងកម្លាំងសហរដ្ឋអាមេរិក និង អង្គការណាតូ ពួកគេបានស្វែងរកការទទួលស្គាល់ ពីអន្តរជាតិ ខណៈពេលដែលគេក៏អនុវត្តយ៉ាងតឹងរឹង លើច្បាប់អ៊ីស្លាម ផងដែរ។

កាលពីខែកក្កដា រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេ ដែលទទួលស្គាល់រដ្ឋាភិបាល របស់តាលីបង់ បន្ទាប់ពីបានដកក្រុមចេញពីបញ្ជីអង្គការក្រៅច្បាប់ របស់ខ្លួន។
នៅក្នុងកិច្ចពិភាក្សា កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បាននិយាយថា រុស្ស៊ីកំពុងទន្ទឹងរង់ចាំ ការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអាហ្វហ្គានីស្ថាន និង ជំរុញកិច្ចសហប្រតិបត្តិការ ប្រឆាំងភេរវកម្ម និង ប្រឆាំងគ្រឿងញៀន។

យ៉ាងណា ចាប់តាំងពីការដណ្តើមអំណាចមក ពួកតាលីបង់ បានដាក់ការរឹតត្បិត ជាច្រើន ដូចជា ស្ត្រីៗត្រូវបានរារាំងពីការងារ និង កន្លែងសាធារណៈ ភាគច្រើន រួមទាំង សាលារៀន, កន្លែងហាត់ប្រាណ និង សួនច្បារ ខណៈដែលក្មេងស្រី ត្រូវបានហាមឃាត់ មិនឱ្យរៀន លើសពី ថ្នាក់ទី៦។ គោលនយោបាយទាំងនោះ នៅតែជាឧបសគ្គចម្បង សម្រាប់ការទទួលស្គាល់ រដ្ឋាភិបាលតាលីបង់ ឲ្យបានទូលំទូលាយ៕

ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner