ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យមន្ត្រី មើលថែជីវភាពប្រជាពលរដ្ឋដែលរស់ក្នុងមូលដ្ឋានរបស់ខ្លួន បើពួកគាត់ខ្វះខាតពិតមែន ត្រូវតែសម្រួលជួយបន្ទាន់
(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មើលថែជីវភាពប្រជាពលរដ្ឋដែលរស់ក្នុងមូលដ្ឋានរបស់ខ្លួន ដោយមើលទាំងលើការហូបចុក និង ការសិក្សារៀនសូត្រ សម្រាប់កូនចៅរបស់ពួកគាត់ ពោលគឺ បើពួកគាត់ខ្វះខាតពិតមែន ត្រូវតែសម្រួលជួយពួកគាត់។
ការណែនាំបែបនេះ របស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើង នាល្ងាចថ្ងៃទី០៧ តុលា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់អូរឬស្សីទី១ និង អូរឬស្សីទី ២ខណ្ឌ៧មករា។
ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះ សមាជិក សមាជិកាបក្ស និង ប្រជាពលរដ្ឋ បើទោះបីបានចាកចេញពីមូលដ្ឋានរបស់ខ្លួនរស់នៅក្តី ប៉ុន្តែនៅពេលបោះឆ្នោត ពួកគាត់តែងបានវិលត្រឡប់មកវិញ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈរហូតមក។
មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលថ្នាក់ដឹកនាំបក្ស នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី មានសុខ រួមសុខ មានទុក្ខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនរត់ចោលប្រជាពលរដ្ឋឡើយ។ ជាក់ស្តែងនៅពេលជួបបញ្ហាជាមួយថៃ កន្លងមថ្នាក់ដឹកនាំរបស់យើងប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា យើងត្រូវដឹងថា អ្នកជិតខាងរបស់យើងគេមិនចង់ឱ្យប្រទេសយើងរីកចម្រើន និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ឡើយ។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នាជាធ្នុងមួយ ជាមួយនិងការមិនប្រើប្រាស់របស់គេ ដើម្បីឱ្យកម្ពុជាសម្រេចបានជោគជ័យ ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ឱ្យបាន។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ













