លោក ត្រាំ ថា ចរចាពាណិជ្ជកម្មជាមួយកាណាដា «ស្មុគស្មាញ» តែ នឹងរីករាយលើកិច្ចព្រមព្រៀងចុងក្រោយ
វ៉ាស៊ីនតោន ៖ លោក ត្រាំ បាននិយាយ កាលពីថ្ងៃទី៧ ខែតុលា ថា កិច្ចចរចាពាណិជ្ជកម្ម «ស្មុគស្មាញ» ប៉ុន្តែ កាណាដា នឹងពេញចិត្តខ្លាំង ជាមួយនឹងកិច្ចព្រមព្រៀង ចុងក្រោយ។
ថ្លែងពេលជួប ជាមួយនាយករដ្ឋមន្រ្តីប្រទេសកាណាដា លោក Mark Carney នៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការចរចាពាណិជ្ជកម្ម មានភាពស្មុគស្មាញ ប៉ុន្តែ ថា កាណាដា នឹង រីករាយយ៉ាងខ្លាំងជាមួយនឹងកិច្ចព្រមព្រៀងណាមួយ នាពេលអនាគត នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃទី៨ ខែតុលា នេះ។
លោក Carney បាននិយាយថា លោកមានទំនុកចិត្តថា កាណាដានឹងទទួលបានកិច្ចព្រមព្រៀងត្រឹមត្រូវ ពីសហរដ្ឋអាមេរិក ដែលជាដៃគូសេដ្ឋកិច្ចចម្បង របស់កាណាដា។
យ៉ាងណា មេបក្សប្រឆាំងដ៏ធំ របស់ប្រទេសកាណាដា បាននិយាយ ថា បើគ្មានកិច្ចព្រមព្រៀង នឹងមានន័យថា ដំណើរទស្សនកិច្ចនេះ គឺ ជាការបរាជ័យ។
ការចរចាពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានអូសបន្លាយ ដល់កាលកំណត់ខែសីហា ហើយ កាណាដានៅតែជាប្រទេស G7 តែមួយគត់ ដែលមិនឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយ លោក Trump នៅឆ្នាំនេះ។
ប្រធានាធិបតីអាមេរិករូបនេះ បានដាក់ពន្ធ ៣៥% លើការនាំចូល របស់កាណាដា ទោះបីជាលោកបានអនុញ្ញាតឱ្យមានការលើកលែង ចំពោះទំនិញ ដែលស្ថិតនៅក្រោម ក្របខណ្ឌ USMCA ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយម៉ិកស៊ិក និង កាណាដា ហើយ ជាអ្វីដែលលោក Trump បានចរចា ក្នុងអំឡុងពេល អាណត្តិដំបូង របស់លោក។
លោក Trump ក៏បានដាក់ពន្ធ លើវិស័យជាក់លាក់ ជុំវិញទំនិញកាណាដា រួមទាំង ៥០% លើលោហធាតុ និង ២៥% លើរថយន្ត៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត