កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី ៤៧ ចាប់ពីថ្ងៃទី ១៣ដល់ ១៧ខែតុលា
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ និងភាពជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (AMMDM-13) និងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ (ACDM-47) និងកិច្ចប្រជុំពាក់ពន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥
កិច្ចប្រជុំ AMMDM-13 និងកិច្ចប្រជុំ ACDM-47 បម្រើជាវេទិកាថ្នាក់តំបន់សម្រាប់ប្រទេសសមាជិកអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយនិងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បង្កើនភាពធន់ និងលើកកម្ពស់ការត្រៀមរៀបចំតាមរយៈការកសាងសមត្ថភាព និងសន្ទនាគោលនយោបាយ និងការចែរំលែកការអនុវត្តល្អៗ។ សមាសភាពចូលរួមនឹងរួមមានរដ្ឋមន្រ្តីទទួលបន្ទុកគ្រប់គ្រោះមហន្តរាយស្ថិតក្រោមយន្តការកិច្ចប្រចុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM Plus) ហើយនិងប្រទេសទីម័រឡេស្តេ នឹងចូលរួមជាអ្នកអង្កេតការណ៍។ កិច្ចប្រជុំនេះក៏និងមានការចូលរួមពីអគ្គលេខាធិការអាស៊ាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល-អាហារ មន្រ្តីជាន់ខ្ពស់មកពីស្ថា័នពាក់ព័ន្ធតាមវិស័យអាស៊ាន និងតំណាងដៃគូអភិវឌ្ឍន៍។
គួរបញ្ជាក់ថា ពិធីបើកកិច្ចប្រជុំ AMMDM-13 នឹងប្រារព្ធធ្វើនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនឹងដឹកនាំដោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. និង ជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ៕


ដោយ ៖ ង៉ាន់ ទិត្យ