កីឡាការិនីចំបាប់ ម៉ុន ស្រីពីន ដាក់ចិត្តហ្វឹកហាត់បង្កើនសមត្ថភាពត្រៀមខ្លួនចូលរួមកីឡាយុវជនអាស៊ីនៅប្រទេសបារ៉ែន
(ភ្នំពេញ)៖ កីឡាការិនីចំបាប់វ័យ១៧ឆ្នាំ ម៉ុន ស្រីពីន នឹងត្រូវចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាចក្រ ប៉ារ៉ែន លើវិញ្ញាកីឡាចំបាប់ហ្រ្វ៊ីស្តាយ ។
បេសកម្មលើកដំបូងជួបកីឡាការិនីអន្តរជាតិមកពីបណ្តាប្រទេសអាស៊ី កីឡាការិនី ម៉ុន ស្រីពីន អ្នកចំបាប់មកពីខេត្ត កំពង់ឆ្នាំង ដែលធ្លាប់តែហាត់ចំបាប់បុរាណបានវិឌ្ឍខ្លួនមកហាត់ចំបាប់សម័យ បានអះអាងថា ខ្លួនកំពុងតែខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងខ្លាំងជាមួយគ្រូបង្វឹក ដ្បិតនាងចង់ដណ្តើមបានមេដាយជូនជាតិពីព្រឹត្តិការណ៍អូឡាំពិកយុវជនដ៏ធំនៅអាស៊ីនេះ។
ក្នុងបេសកម្មចូលរួមលើកដំបូង បើទោះបីនាងបានពង្រឹងការហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមខ្លួនបានកាន់តែប្រសើរ តែនាងនៅតែមានក្តីបារម្មម្ភខ្លះៗដែរលើថាមពលកម្លាំងនិងបច្ចេកទេស។ តែទោះជាបែបនោះក្តី កីឡាការិនី ម៉ុន ស្រីពីន បានប្តេជ្ញាចិត្តបង្កើនការហ្វឹកហាត់ដើម្បីអភិវឌ្ឍសមត្ថភាពប្រជែងដណ្តើមនាំយកមេដាយមកជូនជាតិ។
សម្រាប់ប្រភេទកីឡាចំបាប់ ក្នុងបេសកម្មចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជននៅព្រះរាជាណាចក្របារ៉ែននេះ កីឡាចំបាប់កម្ពុជានឹងបញ្ជូនអត្តពលិកចូលរួមចំនួន៤រូប ក្នុងនោះ មានគ្រូបង្វឹកមួយរូប លោក ជុន ធួន និងកីឡាករកីឡាការិនី៣រូប មាន កីឡាការិនី ម៉ុន ស្រីពីន ប្រកួតទម្ងន់៤៩ គីឡូក្រាម កីឡាការិនី ផាន់ លាងភី ប្រកួតទម្ងន់៤៦គីឡូក្រាម និងកីឡាករ ផាន់ ចាន់ឧត្តម ប្រកួតទម្ងន់៥៥គីឡូក្រាម ។
គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនអាស៊ីលើក ទី៣ នៅព្រះរាជាណាចក្រប៉ារ៉ែន នឹងចាប់ផ្តើម ថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ក្នុងនោះសម្រាប់កម្ពុជាមានចំនួន១៣ប្រភេទកីឡាចូលរួមប្រកួតដូច ហែលទឹក, អត្តពលកម្ម, វាយសី, បាល់បោះ៣x៣, យូដូ, ជីជីតស៊ូ, គុនចម្រុះ, វាយកូនឃ្លីលើតុ, តេក្វាន់ដូWT, ចំបាប់, លើកទម្ងន់, បាល់ទាត់លើតុ, គុនខ្មែរ សរុបអត្តពលិកចំនួន១២៨នាក់។ ក្រៅពីបេសកម្មចូលរួមប្រជែងមេដាយ កម្ពុជាក៏មានភារកិច្ចទទួលទង់ប្តូរវេនទទួលធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ផងដែរ ៕






រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ