សហគ្រាសចំនួន ៣៣ ឈានទៅទទួលបានវិញ្ញាបនប័ត្រគុណភាពផលិតផល ជលផល កម្ពុជា (CQS)ខណៈសហគ្រាសចំនួន ១១ កំពុងអនុវត្តត្រៀមលក្ខណៈនាំចេញ
(ភ្នំពេញ)៖ សហគ្រាសធុនតូច និងមធ្យមចំនួន ៣៣ឈានទៅទទួលបានវិញ្ញាបនប័ត្រគុណភាព ផលិតផលជលផលកម្ពុជាឬហៅថា(CQS) ឬវិញ្ញាបនប័ត្រ HACCP ដែលមានការទទួលស្គាល់ជាអន្តរជាតិ ខណៈដែលសហគ្រាសចំនួន ១១ កំពុងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីត្រៀមលក្ខណៈនាំចេញ។នេះបើតាមការឱ្យដឹងក្នុងសិក្ខាសាលាបិទបញ្ចប់នៃគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលគាំទ្រ ថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការ UNIDO បានឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ដោយគម្រោងមួយនេះ នាកន្លងមក បានជួយអភិវឌ្ឍន៍យ៉ាងច្រើនដល់វិស័យ ជលផលនៅកម្ពុជា។
តាមរយៈគម្រោងមួយនេះដែរគិត រហូតមកដល់បច្ចុប្បន្ន មាន សហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះសហគ្រាសទទួលផលដឹកនាំដោយស្រ្តី មានចំនួនសរុប ៦២ភាគរយ។ក្នុងចំណោមនេះ ក៏មានសហគ្រាសចំនួន ៦៤ ផ្សេងទៀតក៏ បានកែលម្អប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មសម្ភារ បរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកទីផ្សារជាដើម ។
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងថា៖«គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ផ្តល់ភាពអង់អាចដល់សហគ្រាសជលផល ក្នុងការអភិវឌ្ឍ លូតលាស់ បោះជំហានទៅប្រកួតប្រជែងទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។
លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ UNIDOបានបញ្ជាក់ឱ្យដឹងថា «គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បង្ហាញឱ្យឃើញថាការវិនិយោគចំគោលដៅ អមជាមួយនឹងជំនួយបច្ចេកទេស ពិតជាបានរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងអនុលោមភាពផ្នែកសុវត្ថិភាពម្ហូបអាហារសម្រាប់អនុវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជាប្រកបដោយប្រសិទិ្ធភាពមែន”។
លោកបានបន្ថែមថា ៖ «ជីវភាពរស់នៅរបស់ម្ចាស់ និងដៃគូអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមកំពុងសម្រេចបានភាពរីកចម្រើនកាន់តែរឹងមាំ និងមានទំនុកចិត្តខ្ពស់ក្នុងការនាំចេញផលិតផលរបស់ខ្លួន” ។
លោក ឃួន អេវីរ៉ាត ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រាសាសន៍ថា ៖ «សហភាពអឺរ៉ុប (EU) មានមោទនភាពក្នុងការគាំទ្រវិស័យជលផលរបស់កម្ពុជាតាមរយៈកម្មវិធី CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ដោយបានរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងម៉ាំសម្រាប់កំណើនប្រកបដោយចីរភាព បរិយាប័ន្ន និងភាពរួចរាល់សម្រាប់ការនាំចេញ”។
គួរបញ្ជាក់ថាមន្រ្តីក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធបានចាត់ទុកថាគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)ទោះបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែលទ្ធផលសម្រេចបានដ៏ល្អប្រសើរនាកន្លងមកនោះបានត្រួសត្រាយផ្លូវ សម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តនាពេលអនាគត ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារ និងការទទួលបានទីផ្សារកាន់តែប្រសើរសម្រាប់វិស័យជលផលកម្ពុជា រួមចំណែកធានាបាននូវកំណើន និងភាពធន់របស់វិស័យនេះប្រកបដោយនិរន្តរភាព។ការសម្រេចបានរបស់គម្រោងសម្រេចនេះដែរនឹងកំពុងបានជួយ សម្រាប់កិច្ចអន្តរាគមន៍បន្តរបស់គម្រោងកម្មវិធីថ្មី ការសម្របសម្រួលគោលនយោបាយ និងការចូលរួមពីវិស័យឯកជននាពេលខាងមុខ៕






ដោយ ៖ ម៉ាដេប៉ូ