ធនាគារពិភពលោកព្រមានថា ការដាក់ពន្ធអាមេរិកលើឥណ្ឌាទាញទម្លាក់សេដ្ឋកិច្ច នៅតំបន់អាស៊ីខាងត្បូង

បរទេស ៖ ធនាគារពិភពលោកបានព្រមានថា ការដាក់ពន្ធរបស់អាមេរិក លើការនាំចេញរបស់ឥណ្ឌា នឹងទាញទម្លាក់កំណើនសេដ្ឋកិច្ច នៅទូទាំង តំបន់អាស៊ីខាងត្បូង ទាំងមូល នៅក្នុងឆ្នាំ២០២៦។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA បានឲ្យដឹងថា ធនាគារពិភពលោក បានអះអាង កាលពីថ្ងៃទី៧ ខែតុលា ថា អត្រាពន្ធខ្ពស់លើទំនិញឥណ្ឌា នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ច របស់តំបន់នេះ មានភាពយឺតយ៉ាវ ទោះបីជានៅតែត្រូវបានការពារ ដោយសារការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០២៥នេះ ក៏ដោយ។

ធនាគារពិភពលោក បាននិយាយថា កំណើននៅក្នុងតំបន់អាស៊ីខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំង មកត្រឹម ៥.៨ភាគរយ នៅឆ្នាំ២០២៦ ពីការព្យាករណ៍របស់ខ្លួន ៦.៦ ភាគរយ សម្រាប់ឆ្នាំ ២០២៥។ ការព្យាករណ៍ សម្រាប់តំបន់នេះ សំដៅលើ ប្រទេស ឥណ្ឌា ខ្លួនឯង, បង់ក្លាដែស ស្រីលង្កា នេប៉ាល់ ប៊ូតង់ និង ម៉ាល់ឌីវ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពន្ធ ៥០ ភាគរយ លើការនាំចេញ ភាគច្រើន ពីប្រទេសឥណ្ឌា ដែលស្ថិតក្នុងចំណោមប្រទេស ដែលមានតម្លៃពន្ធខ្ពស់បំផុត សម្រាប់ដៃគូពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះ ប៉ះពាល់ដល់ការនាំចេញរបស់ឥណ្ឌា ប្រហែល ៥០ ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក ដែលភាគច្រើន ប៉ះពាល់ដល់វិស័យ ដែលពឹងផ្អែកលើកម្លាំងពលកម្ម ដូចជា វាយនភ័ណ្ឌ, ត្បូង, គ្រឿងអលង្ការ និង ឧស្សាហកម្ម បង្គា។

ដើម្បីទូទាត់ផលប៉ះពាល់ នៃ បញ្ហាពន្ធគយនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានកាត់បន្ថយពន្ធ លើអ្វីៗគ្រប់យ៉ាង រាប់ចាប់ពី សាប៊ូកក់សក់ រហូតដល់រថយន្ត កាលពីខែមុន នៅក្នុងការកែប្រែពន្ធដ៏ធំបំផុត មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១៧ ទោះបីជាឥណ្ឌា នៅតែបន្តចំណាយ យ៉ាងខ្លាំងក្លា លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក៏ដោយ។

ប្រហែល មួយភាគប្រាំ នៃទំនិញនាំចេញសរុប របស់ប្រទេសឥណ្ឌា ត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២៤ ។ រីឯ អត្រាពន្ធថ្មីនេះ ប៉ះពាល់ដល់ប្រហែល ៣ភាគ៤ នៃទំនិញឥណ្ឌាទាំងអស់ ដែលបាននាំចេញ នៅកាន់សហរដ្ឋអាមេរិក។

ថ្មីៗនេះ ធនាគារពិភពលោក ក៏បានបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាដោយសារអត្រាពន្ធដែលដាក់ដោយសហរដ្ឋអាមេរិក ផងដែរ ក្នុងនោះ នឹងធ្លាក់ពី ៦.៥ មក ត្រឹម ៦.៣ភាគរយ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner