សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា នៅវិមានសន្តិភាព
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។
សូមជម្រាបថា ឯកឧត្តម Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា បានអញ្ជើញមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។ ដំណើរអញ្ជើញអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល របស់ឯកឧត្តម នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកា មានការទទួលស្វាគមន៍ពីមន្ត្រីខ្ពស់កម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រៅពីជំនួប សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម Roosevelt Skerrit ក៏អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ផងដែរ ។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការ គួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។
ក្រសួងការបរទេស ចាត់ទុកដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមបណ្ឌិត Roosevelt Skerrit មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ










