អភិបាលខេត្ត បន្ទាយមានជ័យ បញ្ជាក់ប្រាប់ដល់ អភិបាលខេត្ត ស្រះកែវ ពីទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ តវ៉ានោះស្ថិតនៅក្នុងទឹកដីកម្ពុជា
(ភ្នំពេញ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតមួយដោយបញ្ជាក់ប្រាប់ដល់អភិបាល ខេត្ត ស្រះកែវ របស់ថៃថាទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ បានតវ៉ានោះ គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ហើយទីតាំងនេះ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០ ។
បើយោងតាមលិខិតរបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យ ចេញនៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥បានបញ្ជាក់អំពីករណីរដ្ឋបាលខេត្តស្រះកែវ តវ៉ាចំពោះការសាងសង់ជម្រកបណ្តោះអាសន្ន ឈូសឆាយ តំបន់ជុំវិញ ហើយបានដឹកនាំប្រជាពលរដ្ឋខ្មែរទៅប្រមូលផ្តុំនៅតំបន់ដែលទាមទារនៅចំណុច TA ៥២១២៣០ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័ដោយទីតាំងទាំងនេះគឺ ប្រជាពលរដ្ឋ កម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ២០០០ ។
ក្នុងលិខិតដដែលនេះបានបញ្ជាក់ថាចំពោះជម្រកបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះក្នុងពេល មានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានា។ ម៉្យាងវិញទៀត រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ឡើងវិញថាសកម្មភាពប្រជាពលរដ្ឋខ្មែរប្រមូលផ្តុំ នៅតំបន់ខាងលើ គឺធ្វើឡើងក្នុងគោលបំណងការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់របស់ ពួកគាត់តែប៉ុណ្ណោះ។ បន្ថែមលើនេះ ប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅក្នុងជម្រកបណ្តោះអាសន្នខាងលើនេះ គឺជា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរាយលួសបន្លា សំណាញ់ខ្មៅ រនាំង និង ដាក់កង់ឡាន ដែលនាំឱ្យពួកគាត់បាត់បង់ទីជម្រកអចិន្ត្រៃយ៍ និងធ្វើការភៀសខ្លួនមកស្នាក់នៅក្នុងទីតាំង ខាងលើ។ បញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និង ការលំបាកក្នុងការដោះស្រាយបញ្ហា ព្រំដែនដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀងនិងគោលការណ៍ទាំងឡាយដែលភាគីទាំង ឯកភាពគ្នាកន្លងមក ។
អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងដែរថា៖”រដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ជាថ្មីថា រដ្ឋបាលខេត្តយើងទាំងពីរមិនមាន សមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ យោងតាមMOU ឆ្នាំ ២០០០, កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារ ខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់”។
ជាមួយគ្នានេះរដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ពីការឱ្យប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាង ប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំរBC។ ក្នុងន័យនេះដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់JBC រដ្ឋបាលខេត្តទាំងពីរ បន្តសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការ បញ្ឈប់រាល់សកម្មភាព ដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង។
ក្នុងលិខិតនេះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់ដល់ រដ្ឋបាលខេត្តស្រះកែវរបស់ថៃត្រូវតែប្រកាន់ខ្ជាប់នូវភាព អត់ធ្មត់ និងរង់ចាំ ការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ធ្វើការបញ្ចប់លើ ការងារខណ្ឌសីមាព្រំដែន ហើយនៅក្នុងអំឡុងពេលរង់ចាំនេះ ត្រូវចូលរួមសហការក្នុងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អដើម្បីជៀសវាងបង្កើតភាពតានតឹង និង ផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ ៕
ដោយ ៖ ម៉ាដេប៉ូ

