ឯកឧត្តម ឡាយ សំកុល ៖ ការប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជា គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមក រវាងប្រជាជាតិ និងប្រជាជាតិ

(ភ្នំពេញ)៖ មានប្រសាន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែកញ្ញា និងកំណត់ទិសដៅការងារខែតុលា ឆាំ២០២៥ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភា ប្រកាសថ្កោលទោសចំពោះការប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះ បានធ្វើឱ្យប៉ះពាល់ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព នៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។

បន្ថែមពីលើលទ្ធផល និងទិសដៅការងារ ដែលបានចាក់បញ្ចាំងក្នុងវីដេអូបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អង្គភាពពាក់ព័ន្ធ តាមដានសេចក្តីព្រាងច្បាប់មួយចំនួន ដែលរដ្ឋសភានឹងបញ្ជូនមកនាពេលខាងមុខ និងត្រៀមរបាយការន៍ចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីស្នើសុំមតិណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដើម្បីរៀចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងសម័យប្រជុំព្រឹទ្ធសភា។

ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បាននិងកំពុងរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសស្វីស ព្រមទាំងត្រៀមដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅក្រៅប្រទេសនៅចុងឆ្នាំ២០២៥នេះ។

ចំពោះមុខងារអភិវឌ្ឍន៍ស្ថាប័ន ឯកឧត្តមអគ្គលេខាធិការ បានជម្រាបអំពីការត្រៀមបើកការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងក្នុងបរិវេណព្រឹទ្ធសភា ដែលជាជំនួយគាំទ្រពីសាលារាជធានីភ្នំពេញ នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តមក៏បានជម្រាបអំពីការប្រសិទ្ធនាមឈ្មោះ អគារថ្មីនៃព្រឹទ្ធសភា និងសាលបន្ទប់ធំៗក្នុងអគារថ្មី ដែលទទួលបានការសម្រេចពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា។ ព្រមជាមួយគ្នានោះ ក្រុមការងារសិក្សាស្រាវជ្រាវ ចងក្រងអគារដែលជាកេរ្តិ៍មរតករបស់ព្រឹទ្ធសភាបាននិងកំពុងខិតខំចងក្រងរៀបចំសៀវភៅអគារព្រឹទ្ធសភា ដែលមរតករបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ បន្តមកសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម សម្តេចវិបុលសេនាភក្តី សាយ ឈុំ រហូតដល់ស្ថាបត្យកម្មថ្មីរបស់ព្រឹទ្ធសភា នីតិកាលទី៥ ដែលជាស្នាដៃរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្រាប់ទុកជាឯកសារប្រវត្តិសាស្ត្រ និងសម្រាប់ចែកជូនភ្ញៀវជាតិ និងអន្តរជាតិ ជាវត្ថុអនុស្សាវរីយ៍ នាឱកាសពិធីសម្ពោធជាផ្លូវការនូវអគារថ្មីនាពេលខាងមុខ។ បន្ថែមពីនេះ អគ្គលេខាធិការដ្ឋានក៏នឹងរៀបចំសិក្ខាសាលាស្តីពី AI and Digital Governance នៅចុងឆ្នាំនេះផងដែរ។

ឯកឧត្តមអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខ ចំពោះមរណភាពម្តាយបង្កើតរបស់ភរិយាឯកឧត្តមអគ្គលេខាធិការ កាលពីសប្តាហ៍មុននេះ។

ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយជូនស្ថាប័ន ព្រមទាំងជូនពរសូមឱ្យធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner