ចិនរិះគន់ធ្ងន់ៗថា ប្រធានាធិបតីតៃវ៉ាន់កំពុងធ្វើខ្លួនដូចស្រីពេស្យាបម្រើពួកបរទេស
ប៉េកាំង ៖ រដ្ឋាភិបាលចិនបានរិះគន់ធ្ងន់ៗកាលពីថ្ងៃពុធថា ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te កំពុងធ្វើខ្លួនឯងដូចស្រីពេស្យាបម្រើពួកបរទេស ដើម្បីស្វែងរកឯករាជ្យ ប៉ុន្តែផែនការនោះនឹងត្រូវបរាជ័យ។
ប្រតិកម្មខ្លាំងៗរបស់ប្រទេសចិននេះ កើតឡើងបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោក Lai បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump គួរតែទទួលបានពានរង្វាន់ណូបែលសន្តិភាព បើសិនលោកអាចបញ្ចុះបញ្ចូលប្រមុខរដ្ឋចិន លោក Xi Jinping ឱ្យបោះបង់ការប្រើប្រាស់កម្លាំងប្រឆាំងនឹងកោះតៃវ៉ាន់។
ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានលើកឡើងថា លោកប្រធានាធិបតី Lai កំពុងនិយាយមិនសមហេតុសមផល ហើយបានបង្ហាញពីធាតុពិតរបស់គាត់ គឺជាអ្នកបង្កើតវិបត្តិ និងជាអ្នកបំផ្លាញសន្តិភាព។ ការិយាល័យបន្តថា ចាប់តាំងពីចូលកាន់តំណែងនៅឆ្នាំ ២០២៤ លោកប្រធានាធិបតី Lai បានចូលដៃជើងជាពួកបរទេស និង ធ្វើខ្លួនឯងដូចស្រីពេស្យាបម្រើកងកម្លាំងបរទេស។
បើតាមសេចក្តីថ្លែងការណ៍របស់ប្រទេសចិន, ការព្យាយាមស្វែងរកឯករាជ្យតាមរយៈការពឹងផ្អែកលើកម្លាំងបរទេសរបស់កោះតៃវ៉ាន់នឹងត្រូវបានបំផ្លាញចោល និងថា លោក Lai និងកងកម្លាំង ‘ឯករាជ្យតៃវ៉ាន់’ គឺគ្រាន់តែជាស្រមោចអង្រួនដើមឈើប៉ុណ្ណោះ ហើយនៅទីបំផុត ពួកគេនឹងត្រូវបានបោះចោលក្នុងធុងសំរាមនៃប្រវត្តិសាស្ត្រ។ ភ្លាមៗ មិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលតៃវ៉ាន់នៅឡើយទេ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា