មន្រ្តីយោធាខេត្តកំពង់ធំអញ្ជើញសាកសួរសុខទុក្ខភរិយាគ្រួសារកងទ័ពនៅជួរមុខ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ធំ ដឹកនាំក្រុមការងារចុះសាកសួរ សុខទុក្ខគ្រួសារ​យោធិនដែលកំពុងបំពេញភារកិច្ចសមរភូមិមុខមួយគ្រួសារ ដែល​កំពុង​ស្នាក់នៅបណ្ដោះអាសន្ន ជាមួយផ្ទះបងប្អូននៅភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុងដំណើរសាកសួរសុខទុក្ខកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមក៏បាន​នាំយកនូវអំណោយ​របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយនឹងការបញ្ជាក់​សាងសង់​ជម្រកស្នាក់នៅបណ្តោះអាសន្ន ធ្វើអំពីឈើប្រក់សង្ក័សី​ដែលមានទំហំ ៤ម៉ែត្រគុណនឹង ៦ម៉ែត្រ ដើម្បីលោកស្រីនិងកូនចំនួន ៦នាក់ បានស្នាក់​​នៅ​សមរម្យ នៅពេលដ៏ខ្លីខាងមុខនេះ។

លោកស្រី កាន ឡឹង អាយុ៣៥ឆ្នាំបានបញ្ជាក់ថាលោកស្រីជាភរិយា​លោក ភឿន ភីន ជាកងទ័ពនៅអង្គភាព​កងការពារព្រំដែនលេខ​៤០៣ ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ តំបន់ព្រំដែន​កម្ពុជា-ថៃ។ លោកស្រីមានកូន​តូចៗ​នៅក្នុងបន្ទុក៦នាក់។កន្លងមកបានរស់នៅក្នុងអង្គភាពជាមួយស្វាមី ។ ក្នុងពេល​ផ្ទុះអាវុធ​ដោយការឈ្លានពាន​ពីទាហានថៃនៅតំបន់មុំបី ខណៈកូនតូច​របស់លោកស្រីដែលកំពុងពរនៅដៃនេះមានអាយុទើបតែបីថ្ងៃប៉ុណ្ណោះ ក៏ត្រូវ​បានព្រាត់ពីឪពុក ដោយវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ដើម្បីជៀសវាងគ្រោះថ្នាក់ បច្ចុប្បន្នកូនតូចមាន​អាយុ​ជាងបីខែហើយ ។

ជាមួយនឹងការអរគុណនិងដឹងគុណចំពោះវីរកងទ័ពក្នុងនេះមានស្វាមីលោកស្រី កាន ឡឹង នេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាន​ឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ថ្នាំពេទ្យ សម្ភារៈ​ប្រើប្រាស់និងថវិកាមួយចំនួនដែលជាអំណោយ​របស់​​​សម្ដេចបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនលោកស្រី កាន ឡឹង សម្រាប់ដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ ។ទន្ទឹមនេះ​ដោយបានការជួយឧបត្ថម្ភពីសាច់ញាតិ​របស់លោក​ស្រី​នូវផ្ទៃដីទំហំ១៥ ម៉ែត្រគុណនឹងង ២០ម៉ែត្រ ឧត្តមសេនីយ៍ទោ​ក៏បានសន្យាថា នឹងរៀបចំសាងសង់​ជម្រក​ស្នាក់នៅបណ្តោះ​អាសន្នធ្វើអំពីឈើ ប្រក់សង្ក័សី ដែលមានទំហំ ៤ម៉ែត្រគុណនឹង ៦ម៉ែត្រ ដើម្បីលោកស្រី និងកូនៗបានស្នាក់នៅសមរម្យនៅពេល​ដ៏ខ្លីខាងមុខនេះ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner