រាជរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជាង ១៨ម៉ឺនដុល្លារអាមេរិក សម្រាប់វិស័យសុខាភិបាល និងសន្តិសុខសង្គមកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណង គូសាណូណិ ជាទឹកប្រាក់សរុប ១៨ម៉ឺន ៣ពាន់ ៥៨៨ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ។ ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ជាភាគីផ្តល់ជំនួយ និងពីភាគីកម្ពុជាទទួលជំនួយ រួមមាន ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលជាតិ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ និងលោក ប៉ាន់ សារ៉ន ប្រធានមន្ទីរសុខាភិបាលខេត្តរតនគីរី ។

ឯកអគ្គរាជទូតជប៉ុន នៅក្នុងពិធីចុះហត្ថលេខានោះបានថ្លែងថា ទឹកប្រាក់ទាំង ១៨ម៉ឺន ៣ពាន់ ៥៨៨ដុល្លារអាមេរិក ត្រូវបានជួយដល់គម្រោងចំនួនពីរ រួមមាន ៖

  • គម្រោងទី១ ថវិកាចំនួន ១២ម៉ឺន ៣០៨ដុល្លារអាមេរិក សម្រាប់ជួយទៅលើការទិញរថយន្តសង្គ្រោះបន្ទាន់ ដែលនាំចូលពីប្រទេសជប៉ុនចំនួន ៤គ្រឿង ជូនដល់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិស ភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ ដែលនឹងសម្រួលដល់ការពន្លឿសលើការងារពន្លត់អគ្គិសភ័យបានឆាប់រហ័សក្នុងករណីមានអគ្គិសភ័យកើតឡើង ។

ឯកអគ្គរាជទូត បានដាក់ក្តីរំពឹងថា ជំនួយនេះ នឹងជួយការពារអាយុជីវិតប្រជាជនបានជាង ៤លាន ១សែននាក់ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ។

  • គម្រោងទី២ ថវិកាចំនួន ៦ម៉ឺន ៣ពាន់ ២៨០ ដុល្លារអាមេរិក សម្រាប់ជួយដល់ការបំពាក់គ្រឿងបរិក្ខារពេទ្យនៅក្នុងមន្ទីរពេទ្យបរកែវ ក្នុងខេត្តរតនគីរី ។

គ្រឿងបរិក្ខារថ្មីនេះ នឹងត្រូវប្រើប្រាស់សម្រាប់ជួយដល់ការធ្វើរោគវិនិច្ឆ័យដំបូង និងព្យាបាលបានឆាប់រហ័សលើពលរដ្ឋដែលរងគ្រោះក្នុងគ្រោះថ្នាក់ និងអ្នកជំងឺដែលត្រូវការសង្គ្រោះបន្ទាន់ និងដែលត្រូវគេរំពឹងថា អ្នកជំងឺប្រមាណ ៩,៥០០នាក់ ក្នុងមួយឆ្នាំៗ នឹងទទួលបានការថែទាំវេជ្ជសាស្រ្តប្រកបដោយប្រសិទ្ធភាព និងបន្ធូរបន្ថយនូវបន្ទុកនានា ។

តំណាងកម្ពុជា ដែលជាអ្នកទទួលជំនួយ រួមមាន ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលជាតិ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ និងលោក ប៉ាន់ សារ៉ន ប្រធានមន្ទីរសុខាភិបាលខេត្តរតនគីរី បានថ្លែងនូវការអគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់នូវជំនួយឥតសំណងនេះ និងបានសន្យាថា នឹងនាំយកទៅប្រើប្រាស់ប្រកបដោយសុចរិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព បម្រើថែរក្សាសុខភាពសាធារណៈ និងផលប្រយោជន៍ពលរដ្ឋជាធំ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ១៩៩១មក បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន តាមរយៈការអនុវត្តគម្រោងជំនួយឥតសំណងគូសាណូណិ ចំនួនជាង ៧០០គម្រោង នៅទូទាំងប្រទេស តាមរយៈអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដែលជាការរួមចំណែកដោយផ្ទាល់ក្នុងការលើកកំពស់គុណភាពជីវិតពលរដ្ឋកម្ពុជា លើវិស័យសុខាភិបាល ការអប់រំ ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធគមនាគមន៍ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខមាលភាពសង្គម និងសកម្មភាពដោះមីនមនុស្សធម៌ជាដើម ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner